ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បន្ទាប់ពីសម្ពាធកាន់តែខ្ពស់ ទីបំផុតសហរដ្ឋអាមេរិកដាច់ចិត្តដាក់ចុះចតយន្តហោះ Boeing 737 Max 8 និង 9 ដើម្បីធ្វើការស៊ើបអង្កេត

    BY autoadmin March 14, 2019
    បន្ទាប់ពីសម្ពាធកាន់តែខ្ពស់ ទីបំផុតសហរដ្ឋអាមេរិកដាច់ចិត្តដាក់ចុះចតយន្តហោះ Boeing 737 Max 8 និង 9 ដើម្បីធ្វើការស៊ើបអង្កេត

    ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងធ្វើការហាមឃាត់ហោះហើរយន្តហោះ Boeing 737 Max 8 និង 9 ទាំងអស់ ហើយអាមេរិកគឺជាប្រទេសចុងក្រោយគេ ដែលដាច់ចិត្តដាក់ចុះចតយន្តហោះនេះ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម។ លោក Trump បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «យន្តហោះទាំងអស់នេះបានដាក់ចុះចត យ៉ាងមានប្រសិទ្ធិភាពភ្លាមៗ»។

    លោក Trump បានបន្តថា៖ «សុវត្ថិភាពរបស់ប្រជាជនអាមេរិកទាំងអស់ គឺជាកង្វល់របស់យើង»។ រដ្ឋបាលសហព័ន្ធអាកាសចរណ៍ (FAA) បានធ្វើតាមសុន្ទរកថារបស់លោក Trump ដោយបញ្ជាឱ្យដាក់ចុះចតជាបណ្តោះអាសន្នយន្តហោះ Boeing 737 Max ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍អាមេរិក ឬកំពុងនៅលើទឹកដីសហរដ្ឋអាមេរិក។ FAA និយាយថា ពួកគេបានទទួលភស្តុតាងបានមកពីការវិភាគថ្មីៗ ដែលនាំឱ្យឈានដល់ការសម្រេចចិត្តចុងក្រោយនេះ។

    ការដាក់ចុះចតនឹងនៅតែមានប្រសិទ្ធិភាព ដើម្បីរង់ចាំការស៊ើបអង្កេតបន្ថែមទៀត រួមទាំងការត្រួតពិនិត្យព័ត៌មានពីម៉ាស៊ីនថតទិន្នន័យរបស់យន្តហោះ និងម៉ាស៊ីនថតសំឡេងរបស់កាប៊ីនយន្ដហោះ។ គួររំឭកផងដែរថា មុនពេលដែលយន្តហោះចេញពីប្រទេសអេត្យូពីបានធ្លាក់ Boeing ក៏ទទួលបទបណ្ដឹងចំនួន ៥ លើម៉ូដែល 737 Max ពីអ្នកបើកយន្តហោះមួយចំនួន ដោយពួកគេនិយាយថា លេខដៃរបស់យន្តហោះនេះ គឺស្ទើរតែគ្មានប្រសិទ្ធភាព និងពិបាកបញ្ជា៕

    អត្ថបទ៖ លីដា
    ប្រភព៖ xinhuanet

    Share This Post: