ថៃពន្យាជើងហោះហើរមួយចំនួនព្រោះភាពកកស្ទះអ្នកដំណើរនៅព្រលានយន្តហោះ
- BY
- Pheakdey
- December 26, 2023
ថៃ៖ អាជ្ញាធរអាកាសចរណ៍ថៃបានចេញមកបញ្ជាក់ថា ការពន្យាជើងហោះហើរមួយចំនួនកាលពីយប់ថ្ងៃចន្ទកន្លងទៅគឺដោយសារតែមានការកកស្ទះអ្នកដំណើរនៅក្នុងព្រលានយន្តហោះសុវណ្ណភូមិ ពោលគឺគ្មានបញ្ហាបច្ចេកទេសទាក់ទងនឹងការហោះហើរណាមួយកើតឡើងឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃអង្គារ ទី២៦ ខែធ្នូនេះ។ គិតត្រឹមពេលនេះជើងហោះហើរដែលត្រូវបានពន្យាទាំងអស់នោះក៏បានធ្វើការចុះចតនៅព្រលានយន្តហោះក្នុងប្រទេសថៃប្រកបដោយសុវត្ថិភាពរួចអស់ហើយដែរ។

បើតាមនាយឧត្តមសេនីយ៍ Choengron Rimpadee នាយការិយាល័យអន្តោប្រវេសន៍២ បានបញ្ជាក់ថា នៅក្នុងយប់កើតមានបញ្ហានោះគឺព្រលានយន្តហោះសុវណ្ណភូមិបានទទួលជើងហោះចំនួន ២២ជើង មានអ្នកដំណើរសរុបចំនួន ៥,៥៦៣នាក់ ហើយបើគិតជាមធ្យមគឺចំនួនអ្នកដំណើរមានច្រើនលើសពីបរិមាណស្តង់ដារក្នុងព្រលានយន្តហោះចំនួន ១,០០០នាក់ ខណៈការធ្វើចរាចរណ៍របស់យន្តហោះវិញគឺមានច្រើនជាងការកំណត់ទុករហូតដល់ ៣៣%។ នាយឧត្តមសេនីយ៍រូបនេះបានបន្តថា ដោយសារតែមានអ្នកដំណើរច្រើនជាងធម្មតា ទើបក្រុមប៉ូលិសអន្តោប្រវេសន៍ប្រចាំនៅក្នុងព្រលានយន្តហោះត្រូវការពេលវេលាយូរដែរក្នុងការត្រួតពិនិត្យលិខិតឆ្លងដែនរបស់ពួកគេម្នាក់ម្តងៗ ហើយកត្តានេះក៏បានធ្វើឲ្យមានការកកស្ទះពេញព្រលានយន្តហោះតែម្តង។ យ៉ាងណាក្តី នេះជាសញ្ញាដ៏ល្អមួយសម្រាប់ប្រទេសថៃ ព្រោះថាពេលមានអ្នកដំណើរកាន់តែច្រើនសម្រុកទៅកាន់ប្រទេសថៃ គឺមានន័យថាវិស័យទេសចរណ៍ថៃកាន់តែរីកចម្រើន និងអាចជួយបង្កើនសេដ្ឋកិច្ចជាតិបានកាន់តែខ្ពស់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






