ពលរដ្ឋអាមេរិកជាង ១លាននាក់កំពុងរងការគំរាមគំហែងយ៉ាងខ្លាំងដោយព្យុះទឹកកក ខណៈម្នាក់បានបាត់បង់ជីវិត
- BY
- Pheakdey
- December 27, 2023
អាមេរិក៖ ពលរដ្ឋប្រមាណជា ១លាននាក់រស់នៅតាមតំបន់ទំនាបកណ្តាលនិងភាគខាងជើងនៃសហរដ្ឋអាមេរិកកំពុងរងការគំរាមគំហែងដោយព្យុះទឹកកកយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូនេះ។ កាលពីថ្ងៃបុណ្យណូអែលកន្លងទៅក៏មានអ្នកដំណើរម្នាក់បានស្លាប់បាត់បង់ជីវិតផងដែរ ក្រោយរូបគាត់បានរងនូវការវាយប្រហារដោយព្យុះទឹកកកក្នុងអំឡុងពេលកំពុងបើកបរនៅលើដងផ្លូវ។

បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា គិតត្រឹមពេលនេះព្យុះទឹកកកកំពុងតែវាយប្រហារយ៉ាងខ្លាំងនៅក្នុងរដ្ឋColorado រដ្ឋKansas រដ្ឋNebraska រដ្ឋSouth Dakota និង រដ្ឋWyoming ខណៈពលរដ្ឋរងគ្រោះនៅក្នុងរដ្ឋទាំង ៥នេះមានចំនួនសរុបប្រមាណជា ៥៥០,០០០នាក់។ ប្រភពខាងលើបានបន្តថា នៅព្រឹកថ្ងៃពុធនេះឥទ្ធិពលរបស់ព្យុះបានធ្វើឲ្យមានព្រិលធ្លាក់ក្នុងកម្រាស់ ១៥សង់ទីម៉ែត្រ និងបង្កឲ្យមានខ្យល់បោកបក់ក្នុងល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈពេលធ្លាក់ព្រិលខ្លាំងម្តងៗគឺវាអាចធ្វើឲ្យអ្នកបើកបរមើលផ្លូវលែងឃើញជិតកន្លះគីឡូម៉ែត្រឯណោះ ហើយក្នុងរយៈពេលប្រហែលជា ៣ម៉ោងទើបអាចមើលផ្លូវឃើញធម្មតាវិញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






