ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងទេសចរណ៍ឱ្យសហការ ជាមួយរដ្ឋបាលរាជធានី-ខេត្ត រៀបចំតុបតែងលម្អទីតាំងកំសាន្តសប្បាយឱ្យបានច្រើន សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសអបអរសាទរឆ្នាំសកលឆ្នាំ ២០២៤

    BY Liny Chan December 27, 2023
    សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងទេសចរណ៍ឱ្យសហការ ជាមួយរដ្ឋបាលរាជធានី-ខេត្ត រៀបចំតុបតែងលម្អទីតាំងកំសាន្តសប្បាយឱ្យបានច្រើន សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសអបអរសាទរឆ្នាំសកលឆ្នាំ ២០២៤

    នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី​សម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ”​ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​។

    ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងទេសចរណ៍ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីរៀបចំតុបតែងលម្អ ទីតាំងកំសាន្តសប្បាយឱ្យបានច្រើនសម្រាប់បម្រើជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសអបអរសាទរឆ្នាំសកលឆ្នាំ ២០២៤, ជាពិសេសទីតាំងសម្រាប់ការរាប់ថយក្រោយឆ្លងឆ្នាំសកល (Countdown)

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ស្របពេលដែលព្រឹត្តិការណ៍ចូលឆ្នាំសាកលឆ្នាំ២០២៣ ឆ្នាំ២០២៤ កាន់តែខិតជិតចូលមកដល់ក្នុងរយៈពេល ៤ថ្ងៃខាងមុខនេះ ខ្ញុំសូមផ្ដល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

    ទី១៖ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខេត្តនានា ត្រូវបន្ដពង្រឹងការងារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញចំណាត់ការ ទប់ស្កាត់បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាពនូវរាល់សកម្មភាព ប៉ុនប៉ងបង្កឲ្យមានចលាចល និងអសន្ដិសុខក្នុងសង្គម ពិសេសអំឡុងពេលព្រឹត្តិការណ៍ចូលឆ្នាំសកលឆ្នាំ២០២៣-២០២៤ខាងមុខ។ បន្ថែមពីនេះត្រូវយកចិត្តទុកដាក់ ការពារសន្ដិសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្ដរជាតិ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យមានភាពសប្បាយរីករាយ។

    ទី២៖ ក្រសួងទេសចរណ៍ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីរៀបចំតុបតែងលម្អទីតាំងសប្បាយឲ្យបានច្រើនជម្រើស ដើម្បីបម្រើជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ក្នុងឱកាសអបអរសារទរឆ្នាំសកល ឆ្នាំ២០២៣ ឆ្នាំ២០២៤ ជាពិសេសទីតាំងរាប់ថយក្រោយនៃការឆ្លងឆ្នាំសកល (Countdown) ។ ចំពោះទីតាំងរាប់ថយក្រោយនៃការឆ្លងឆ្នាំសកលនេះ (Countdown) សូមលើកទឹកចិត្តឲ្យមានការចូលរួមពីវិស័យឯកជន តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្ដី សម្ដែងសិល្បៈ កីឡាប្រដាល់គុនខ្មែរ និងជម្រើសនៃការកម្សាន្តផ្សេងៗទៀត ដើម្បីបង្កើនការទាក់ទាញទាំងភ្ញៀវទេសចរក្នុងស្រុកឲ្យបាន។

    ទី៣៖ ក្រសួងទេសចរណ៍ និងគណៈកម្មាការជាតិវាយតម្លៃទីក្រុងស្អាត ត្រូវបន្ដរៀបចំកម្មវិធីប្រកួតប្រជែងទីក្រុង ដោយមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ដោយត្រូវពិនិត្យ និងវាយតម្លៃផ្អែកលើលក្ខណៈពិសេសសំខាន់ៗ ដូចជាសន្ដិសុខ សុវត្ថិភាព អនាម័យបរិស្ថាន ការតុបតែងលម្អ ជម្រើសនៃការកំសាន្ដទីតាំងសប្បាយភាព ភាពពេញចិត្ត ភាពសប្បាយរីករាយរបស់ភ្ញៀវទេសចរ ព្រោះនេះជាផ្នែកមួយនៃការលើកកម្ពស់វិស័យទេសចរណ៍ជាតិរបស់យើង »៕

    Share This Post: