ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ ប្រកាសថា ក្រុមតេឡេក្រាម “CAMBODIA EMPIRE-TRADING Khmer INVESTMENT GROUP CHAT” ប្រើប្រាស់រូបភាពអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា គឺជាក្រុមឧក្រិដ្ឋជនឆបោកទេ

BY
Khmernote Media
December 28, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងយុត្តិធម៌ បានប្រកាសថា ក្រុមតេឡេក្រាមឈ្មោះ “CAMBODIA EMPIRE-TRADING Khmer INVESTMENT GROUP CHAT” គឺជាក្រុមឧក្រិដ្ឋជនឆបោក មិនពាក់ព័ន្ធនឹងក្រសួងទេ។

ក្រសួងយុត្តិធម៌ សូមជម្រាបជូនថា ថ្មីៗនេះមាន ឧក្រិដ្ឋជនឆបោកដែលបានប្រើប្រាស់រូបភាពអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាដោយបានកែឈ្មោះទៅជា “EMPIREGAIN-TRADE.COM” ដើម្បីបង្កើតក្រុមតេឡេក្រាម (Telegram Group) ដែលក្រុមនោះមានឈ្មោះថា “CAMBODIA EMPIRE-TRADING Khmer INVESTMENT GROUP CHAT” ហើយមានសមាជិកក្នុងក្រុម សរុបចំនួន ៩.៣៩១ នាក់។

ក្រសួងយុត្តិធម៌ ពិនិត្យឃើញថា ក្រុមតេឡេក្រាមនេះ ត្រូវបានបង្កើតឡើងដោយក្រុមឧក្រិដ្ឋជនឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ដើម្បីបំភាន់ អូសទាញ និងឆបោកសាធារណជនឱ្យចូលរួម ក្នុងការធ្វើវិនិយោគខុសច្បាប់ដែលអាចនាំឱ្យខាតបង់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។ ក្រសួងយុត្តិធម៌ សូមប្រកាសថា សកម្មភាពដែលកំពុងតែធ្វើឡើងតាមរយៈក្រុមតេឡេក្រាមខាងលើនេះ មិនមានការពាក់ព័ន្ធជាមួយក្រសួងយុត្តិធម៌នោះទេ ហើយក្រសួងយុត្តិធម៌ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការតាម ផ្លូវច្បាប់ចំពោះករណីនេះ។

ទន្ទឹមនេះ ក្រសួងយុត្តិធម៌ សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះ ល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដូចករណីខាងលើនេះ និងសូមចាកចេញពីក្រុមតេឡេក្រាមបែបនេះ ដើម្បីចៀសវាងកុំឱ្យចាញ់បោក ធ្វើឱ្យខាតបង់នូវទ្រព្យធនជាយថាហេតុ ៕

ប្រភព៖ ក្រសួងយុត្តិធម៌ Ministry of Justice

Share This Post: