គួរឲ្យអាណិត! មេស្វា និងកូនតូចរបស់វា ត្រូវពួកព្រានព្រៃតាមប្រមាញ់ រហូតមានរបួសធ្ងន់ធ្ងរ
ថ្មីៗនេះមន្ត្រីរដ្ឋការឥណ្ឌូនេស៊ីម្នាក់ឈ្មោះ Sutopo Purwo Nugroho បានចែករំលែកពីការធ្វើទារុណកម្មទៅលើមេ និងកូនស្វាក្រហម ២ក្បាល ពីសំណាក់ព្រានព្រៃ។ ដោយក្រោយពីបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យ មេស្វាក្រហមមួយក្បាលដែលមានឈ្មោះថា OU ត្រូវបានក្រុមសង្គ្រោះរកឃើញថា មានស្នាមកាំបិត និងគ្រាប់សរុបចំនួន ៧៤កន្លែង នៅលើខ្លួនរបស់វា ដោយសារពួកព្រានព្រៃតាមប្រមាញ់រូបវា និងកូន។
យោងតាមប្រភព Coconut បានឱ្យដឹងថា ភ្នាក់ងារអភិរក្សធនធានធម្មជាតិ (BKSDA) នៃ Aceh បានជួយសង្គ្រោះស្វាក្រហម (orangutan) ជាមួយនឹងកូនរបស់នាង កាលពីថ្ងៃសៅរ៍ ទី៩ ខែមីនា កន្លងទៅ។ ប្រធានក្រុមលោក Sapto Aji Prabowo បានលើកឡើងថា ពួកគេបានដឹងអំពីការប្រមាញ់ខុសច្បាប់នេះកាលពីមួយសប្តាហ៍មុន ហើយបានធ្វើការជាមួយភ្នាក់ងារជាច្រើនទៀតដើម្បីចូលទៅសង្គ្រោះមេ និងកូនស្វាក្រហមនេះ។
ករណីនេះបានកើតឡើងនៅក្នុងឧទ្យានមួយ ក្នុងភូមិ Bunga Tanjung ប្រទេសឥណ្ឌូនេស៊ី ហើយបន្ទាប់ពីការជម្លៀស ពួកវាត្រូវបានបញ្ជូនភ្លាមៗទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាដើម្បីព្យាបាល។ មេស្វាក្រហមដែលមានឈ្មោះថា OU ត្រូវបានគេរកឃើញថា របួសធ្ងន់ធ្ងរជាមួយនឹងស្លាកស្នាមកាំបិត និងគ្រាប់កាំភ្លើងខ្យល់ សរុបចំនួន ៧៤កន្លែង និងត្រូវបានមើលថែដោយភ្នាក់ងារអភិរក្សធនធានធម្មជាតិ ខណៈកូនរបស់វាមិនអាចមានជិវិតទៀតបានដោយសារភាពភ័យខ្លាច (trauma) និងកង្វះអាហារូបត្ថម្ភ៕





អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz