នាវាទេសចរណ៍ផលិតក្នុងប្រទេសចិនដំបូងគេនឹងចេញដំណើរលើកទីមួយនៅដើមឆ្នាំក្រោយជាមួយតម្លៃសំបុត្រជាង ១ពាន់ដុល្លារ
- BY
- Pheakdey
- December 29, 2023
ចិន៖ នាវាទេសចរណ៍ផលិតក្នុងប្រទេសចិនដំបូងគេនឹងចាប់ផ្តើមចេញដំណើរជើងទី ១ នៅដើមឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៩ ខែធ្នូ។ នាវាទេសចរណ៍របស់ចិនមួយគ្រឿងនេះមានឈ្មោះថា The Adora Magic City ផលិតឡើងដោយក្រុមហ៊ុន CSSC Shanghai Waigaoqiao Shipbuilding មានប្រវែង ៣២៣,៦ម៉ែត្រ មានបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅចំនួន ២,១២៥បន្ទប់ និងអាចផ្ទុកមនុស្សសរុបបានចំនួន ៥,២៤៦នាក់។

ចំ់ពោះការរចនានៅខាងក្នុងវិញគឺនាវាទេសចរណ៍ The Adora Magic City ត្រូវបានសាងសង់ឡើងដោយមានកម្ពស់សរុបចំនួន ១៦ជាន់ មានបារចំនួន ២២កន្លែង មានកន្លែងលេងល្បែងមួយ មានកន្លែផលិតស្រាបៀរថ្មីៗ ភោជនីយដ្ឋាន ហាងលក់ទំនិញរួចពន្ធ រោងមហោស្រប និងកន្លែងប្រគុំតន្ត្រីបែបចិនផងដែរ។ តាមគម្រោង The Adora Magic City នឹងត្រូវចេញដំណើរពីទីក្រុងសៀងហៃប្រទេសចិនឆ្ពោះទៅកាន់កោះ Jeju នៃប្រទេសកូរ៉េខាងត្បូង ទីក្រុង Nagasaki និងទីក្រុង Nagasaki របស់ប្រទេសជប៉ុននៅក្នុងថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ ដោយដំណើរកម្សាន្តនេះមានរយៈពេលសរុបចំនួន ៦ថ្ងៃ។ ចំពោះតម្លៃសំបុត្រវិញគឺមានច្រើនជម្រើសសម្រាប់អតិថិជន ខណៈតម្លៃជាមធ្យមវិញនោះគឺ ៨,៥០០ យន់ (១,២០០ ដុល្លារអាមេរិក)៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






