អ្នកបាត់បង់ជីវិតដោយទឹកជំនន់នៅថៃកើនឡើងដល់ ១២នាក់ និងបង្កការប៉ះពាល់ដល់ពលរដ្ឋជាង ៩,៧ម៉ឺនគ្រួសារ
- BY
- Pheakdey
- December 30, 2023
ថៃ៖ ចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃបានបន្តកើនឡើងរហូតដល់ ១២នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែធ្នូនេះ។ គិតត្រឹមពេលនេះទឹកជំនន់កំពុងតែបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងខេត្តPattani ខណៈស្ថានភាពទឹកជំនន់នៅក្នុងខេត្ត Narathiwat និងខេត្ត Yala បានធូរស្រាលជាងមុនបន្តិច។

នៅចំពោះមុខស្ថានភាពបន្ទាន់នេះអាជ្ញាធរថៃបានបង្កើតមជ្ឈមណ្ឌលសម្រាប់ជួយជនរងគ្រោះចំនួន ៤៣កន្លែង និងបានបញ្ជូនកញ្ចប់ជំនួយបន្ទាន់ចំនួន ៤,៣០០កញ្ចប់ទៅកាន់មជ្ឈមណ្ឌលទាំងអស់នោះរួចរាល់ហើយ ខណៈកញ្ចប់ជំនួយនឹងត្រូវបញ្ជូនទៅបន្ថែមជាបន្តបន្ទាប់ទៀតផងដែរ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយទឹកជំនន់ក៏កំពុងតែបង្កការគំរាមដល់ការរស់នៅរបស់ប្រជាពលរដ្ឋសរុបចំនួន ៩៧,២២០គ្រួសារ ហើយក្នុងនោះមានជនរងគ្រោះប្រមាណជា ៧,០០០នាក់កំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






