ស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសឱ្យអ្នកបើករថយន្ត Ford ចូលមកសារភាព ក្រោយបើករថយន្តបង្កគ្រោះថ្នាក់ដល់អ្នកបើកម៉ូតូមួយគ្រឿង នៅខណ្ឌសែនសុខ
- December 30, 2023
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសឱ្យអ្នកបើករថយន្ត Ford ឈ្មោះ អ៉ឹម អរុណគង់ហុង ចូលមកសារភាព ក្រោយបើករថយន្តបង្កគ្រោះថ្នាក់ដល់អ្នកបើកម៉ូតូមួយគ្រឿង នៅខណ្ឌសែនសុខ។

យោងតាមប្រភពពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Ford បើកបុក ម៉ូតូ បណ្តាលឱ្យជនរងគ្រោះរងរបួសស្រាល ប៉ុន្តែក្នុងហេតុការណ៍នោះឃើញម្ចាស់រថយន្តបាត់បង់គុណធម៌ ឃើញជនរងគ្រោះដួលហើយមានចេតនាចង់បុកបន្ថែមទៅលើជនរងគ្រោះហើយបើកគេចខ្លួន។ ហេតុការណ៍កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បន្ទាប់ពីហេតុការណ៍កើតឡើង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្ត Ford ដើម្បីឱ្យចូលខ្លួនមកសារភាព និងដោះស្រាយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះចំពោះមុខសមត្ថកិច្ច និងអនុវត្តតាមនីតិវិធី បន្ទាប់ពីគេចវេះមិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍។
ជាចុងក្រោយ ស្នងការនគរបាលរាជធានីភ្នំពេញ សូមម្ចាស់រថយន្ត Ford ភ្ងាក់រលឹកចូលខ្លួនមកដោះស្រាយចំពោះមុខសមត្ថកិច្ច ដើម្បីអនុវត្តតាមនីតិវិធី៕



ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
- Share This Post:






