ព័ត៌មានជាតិ

ម្ចាស់ផ្ទះកម្ពុជា នឹងតស៊ូមតិដាក់បញ្ជូលប្រភេទកីឡាប្រពៃណី ប្រកួតកីឡាយុវជនអាស៊ីលើកទី៥ នាឆ្នាំ២០២៩

BY
Khmernote Media
January 2, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការតស៊ូមតិស្នើដាក់បញ្ជូលនូវប្រភេទកីឡាប្រពៃណីជាតិខ្មែរ នៅក្នុងព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្រលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅក្នុងបទសម្ភាសន៍ដោយឡែកមួយ កាលពីពេលថ្មីៗនេះ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ នៅកម្ពុជានឹងមាន ជាង២០ប្រភេទកីឡា ដែលមានប្រភេទកីឡាអូឡាំពិក និងខិតខំស្នើសុំដាក់ប្រភេទកីឡាប្រពៃណីខ្មែរយើង ដូចជាគុនខ្មែរ ល្បុក្កតោ និងអុកចត្រង្គ ដែលធ្លាប់ជោគជ័យដ៏ត្រចេះត្រចង់ ក្នុងស៊ីហ្គេម ២០២៣ កន្លងមក។ ប៉ុន្តែការសម្រេចចិត្តគឺអាស្រ័យដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA)។ ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩នេះ គឺយើងទទួលបានសិទ្ធិអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជារួចហើយៗយើងបានផ្សព្វផ្សាយពីផែនការអភិវឌ្ឍន៍ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះជូនដល់សហព័ន្ធកីឡាជាតិនានារួចហើយផងដែរ។

ចាប់ពីឆ្នាំ២០២៤តទៅ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធាន NOCC នឹងរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឱ្យទទួលបានជោគជ័យ។ ឯកឧត្តមរដ្ឋលេខាធិការសង្កត់ធ្ងន់ថា ៖«អ្វីដែលចាំបាច់ពីពេលនេះដល់ឆ្នាំ២០២៩ សហព័ន្ធកីឡាជាតិនានានឹងត្រូវរៀបចំកម្មវិធីអភិវឌ្ឍន៍អត្តពលិកវ័យក្មេងចាប់ពីអាយុ១២ឆ្នាំ, ១៣ឆ្នាំ និង១៤ឆ្នាំ ហើយនៅពេលឆ្នាំ២០២៩ នឹងកំណត់យកអត្តពលិកវ័យ១៧ឆ្នាំ ១៨ឆ្នាំ និង១៩ឆ្នាំ។ នៅក្នុង៣កម្រិតអាយុនេះ ត្រូវបាន OCA បញ្ជាក់ឱ្យម្ចាស់ផ្ទះកម្ពុជាគោរពឱ្យបាននូវគោលការណ៍ បទប្បញ្ញត្តិ បច្ចេកទេស ដើម្បីយកគោលការណ៍ធំៗទាំងនេះមកអភិវឌ្ឍឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រថ្មីបន្ថែមទៀត ក្រោយជោគជ័យស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣»។

«យើងនឹងខិតខំប្រឹងប្រែងជំរុញឱ្យការទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ឱ្យទទួលបានជោគជ័យ និងលេចត្រដែតត្រចះត្រចង់ រួមជាមួយនឹងការបង្កើតបាននូវភាពអស្ចារ្យថ្មីមួយទៀត សម្រាប់ជាតិរបស់យើងឆ្ពោះទៅព្រឹត្តិការណ៍កីឡាឆ្នាំ២០២៩។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ណាស់ និងជំរុញឱ្យមានការរៀបចំការធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ២០២៩ និងការប្រកួតកីយុវជនអាស៊ីប៉ារ៉ា (ជនពិការ) បន្ទាប់ពីបញ្ចប់កីឡាយុវជនអាស៊ី។ ដូច្នេះយើងនឹងជំរុញដល់អត្តពលិកមានពិការភាព និងអត្តពលិកមិនពិការ សម្រាប់ការត្រៀមខ្លួននេះឱ្យបានស្របគ្នាផងដែរ»។ ឯកឧត្តម វាត់ ចំរើន បានបន្ថែម។

គួររម្លឹកថា សម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៥ នាឆ្នាំ២០២៩ គឺព្រះរាជាណាចក្រកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះជាផ្លូវការរួចហើយ នៅក្នុងមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ ពេលនោះឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្នុងនាមជាអ្នករៀបចំការប្រកួតកីឡាយុវជនអាស៊ី និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងនាមម្ចាស់ផ្ទះរាជធានីភ្នំពេញបានចុះហត្ថលេខាជាមួយប្រធានស្តីទីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដោយទទួលបានការអបអរសាទរពីបណ្តាប្រទេសដែលចូលរួមទាំងអស់ចំនួន ៤៥ប្រទេសនៃទ្វីបអាស៊ី។ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី និងបណ្តាប្រទេសក្នុងទ្វីបអាស៊ីបានអបអរសាទរជូនចំពោះព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ជាមួយនឹងការមើលឃើញពីការរីកចម្រើនខាងផ្នែកកីឡា ក៏ដូចជាការអភិវឌ្ឍ និងសន្តិភាពរបស់កម្ពុជា៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

Share This Post: