ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសឱ្យពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅកូរ៉េខាងត្បូង អាចចាប់ផ្ដើមមកទទួលសេវាធ្វើលិខិតឆ្លងដែនធម្មតាបាន

BY
Khmernote Media
January 2, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងស្តីពី ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ។

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ឱ្យបានជ្រាបថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដោយមានកិច្ចសហការជាមួយស្ថាន ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹងចាប់ផ្តើមផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ រយៈពេល ៤ខែ ចាប់ពីខែមករា ឆ្នាំ២០២៤ នេះតទៅ។

សម្រាប់ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់ សូមទំនាក់ទំនងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ (តាមរយៈទូរសព្ទលេខ +៨២ ០២ ៣៧៨៥ ១០៤១) ឬអនុព័ន្ធការងារអមស្ថានឯកអគ្គ រាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ (តាមរយៈទូរសព្ទលេខ +៨២ ០១០ ៨៨៩៨ ៨៦៤៤) នៅរៀងរាល់ម៉ោង ធ្វើការ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរទាំងអស់ ដែលកំពុង ស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ មេត្តាជ្រាបជាព័ត៌មាន និងផ្សព្វផ្សាយបន្ត៕

ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

Share This Post: