អន្តរជាតិ

តើវាអាចទៅរួចដោយរបៀបណា? មនុស្សជិត ៤០០នាក់ប្រើពេលត្រឹម​ ៩០វិនាទីប៉ុណ្ណោះដើម្បីជម្លៀសខ្លួនចេញពីយន្តហោះដែលឆេះនៅជប៉ុន

BY
Pheakdey
January 3, 2024

ជប៉ុន៖ ហេតុការណ៍គ្រោះថ្នាក់រ​វាងយន្តហោះចំំនួន ២ ដែលបានប៉ះទង្គិចគ្នានៅព្រលានយន្តហោះក្នុងប្រទេសជប៉ុនកាលពីល្ងាចម្សិលមិញនៅតែជាប្រធានបទដ៏ក្តៅគគុកមួយសម្រាប់ក្រុមអ្នកជំនាញផ្នែកអាកាសចរណ៍ និងបណ្តាញសារព័ត៌មានល្បីៗជាច្រើននៅជុំវិញពិភពលោក។ ជាក់ស្តែងកាសែត Channel News Asia នៅរសៀលថ្ងៃទី៣ ខែ​មករានេះ បានចុះផ្សាយអត្ថបទមួយដោយបង្ហាញនូវការចាប់អារម្មណ៍អំពីរៀបដែលអ្នកដំណើរ និងក្រុមអ្នកបម្រើការងារនៅលើយន្តហោះសរុបជិត ៤០០អាចរត់គេចខ្លួនពីយ​​ន្តហោះដែលឆេះបានដោយប្រើពេលត្រឹមតែ ៩០វិនាទីប៉ុណ្ណោះ។

ប្រភពខាងបានបញ្ជាក់ថា វាគឺជារឿងដ៏មិនគួរឲ្យជឿមួយដែលមនុស្សជិត ៤០០នាក់ប្រើពេលត្រឹមតែ ១នាទីកន្លះដើម្បីរត់គេចចេញឧប្បតិ្តហេតុភ្លើងឆេះយន្តហោះដោយសុវត្ថិភាព ពោលគឺគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេបានរងរបួសធ្ងន់ធ្ងរនោះទេ។ ប្រភពខាងលើបានបន្តថា​ អ្វីដែលគេអាចកត់សម្គាល់បាននោះ គឺក្រុមអ្នកដំណើរនៅលើយន្តហោះទាំងអស់មិនភ័យស្លន់ស្លោររហូតបាត់បង់ម្ចាស់ការលើខ្លួនឯងឡើយ ផ្ទុយទៅវិញពួកគេបានស្តាប់ និងអនុវត្តតាមពិធីការក្នុងគ្រាមានអាសន្នយ៉ាងខ្ជាប់ខ្ជួន ពោលគឺពួកគេព្យាយាមលោតរំអិលខ្លួនចេញតាមទ្វារចេញក្នុងគ្រាមានអាសន្នគ្រប់ៗគ្នា មិនបានខ្វាយខ្វល់ជាមួយនឹងសម្ភារៈនៅលើយន្តហោះឡើយ។ បន្ថែមពីលើនេះទៀត ច្រកចេញពេលមានអាសន្ននិងពោងសម្រាប់លោតរំអិលខ្លួននោះក៏ដំណើរការបានយ៉ាងល្អទៀត ទើបធ្វើឲ្យពួកគេអាចប្រើប្រាស់ពេលវេលាដ៏ខ្លីដើម្បីរក្សាអាយុជីវិតរបស់ពួកគេបាន៕

 អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

Share This Post: