ប្រេស៊ីលចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមទ្រង់ទ្រាយធំជូនពលរដ្ឋខ្លួនជាលើកដំបូង
- BY
- Pheakdey
- January 4, 2024
ប្រេស៊ីល៖ អាជ្ញាធរសុខាភិបាលប្រចាំទីក្រុង Dourados នៃរដ្ឋ Mato Grosso do Sul ប្រទេសប្រេស៊ីលនឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងសប្តាហ៍នេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា។ វ៉ាក់សាំងដែលអាជ្ញាធរសុខាភិបាលប្រេស៊ីលនឹងយកទៅប្រើប្រាស់នោះមានឈ្មោះថា QDENGA ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Takeda Pharmaceutical Company ដែលមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន។

ប្រភពខាងលើបានបន្តថា នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងខាងលើនេះអាជ្ញាធរសុខាភិបាលប្រេស៊ីលនឹងចាក់វ៉ាក់សាំងជូនពលរដ្ឋដែលមានអាយុចាប់ពី ៤ឆ្នាំរហូតដល់៥៩ឆ្នាំ ខណៈពលរដ្ឋគោលដៅដែលត្រូវមកទទួលវ៉ាក់សាំងដោយមិនគិតថ្លៃនោះមានចំនួនសរុប ១៥០,០០០នាក់។ ចំពោះបរិមាណវ៉ាក់សាំងដែលត្រូវចាក់ជូនពលរដ្ឋវិញគឺពលរដ្ឋម្នាក់នឹងត្រូវមកទទួលយកវ៉ាក់សាំងចំនួន២ដូស ដោយការចាក់ដូសទី២ នឹងត្រូវធ្វើឡើងក្រោយការទទួលបានវ៉ាក់សាំងដូសទី១រយៈពេល ៣ខែ។ សូមបញ្ជាក់ជូនថា នៅក្នុងឆ្នាំ២០២៣កន្លងទៅនេះប្រទេសប្រេស៊ីលបានរកឃើញអ្នកឆ្លងជំងឺគ្រុនឈាមចំនួន ១,៦លានករណី ខណៈ ៥,៤ %នៃអ្នកជំងឺទាំងអស់នោះមានអាការៈធ្ងន់ធ្ងររហូតត្រូវស្លាប់បាត់បង់ជីវិតទៀតផង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






