វិលមុខខ្លាំងពេក! ប៉ូលិសសុំចិត្តអ្នកប្រើបាស់ឱ្យឈប់ទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់ «០០០» ពីរឿងដែល Facebook និង Instagram មិនដំណើរការ
ដូចយើងបានដឹងមកហើយថា តាំងពីយប់មិញ Facebook និង Instagram មានបញ្ហាបច្ចេកទេស ខណៈអ្នកប្រើប្រាស់កំពុងរាយការណ៍បញ្ហានេះស្ទើរតែទូទាំងពិភពលោក។ ហើយក្រុមហ៊ុន Facebook ក៏បានបង្ហោះសារទៅក្នុងបណ្តាញ Twitter ថា ពួកគេនឹងដោះស្រាយបញ្ហានេះ និងដំណើរការគេហទំព័រវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។ ហើយ Facebook ក៏បានបញ្ជាក់់ថា ការដាច់នេះមិនទាក់ទងនឹងការវាយប្រហារដោយ DDoS នោះទេ។ ថ្វីបើមានការប្រកាសយ៉ាងណាក្តីពី Facebook អ្នកលេងទាំងនោះហាក់ដូចមិនស្ងប់ចិត្តនឹងចម្លើយរបស់់ Facebook នោះទេ។
ជាក់ស្តែងប៉ូលីសនៅក្នុងតំបន់ Canterbury ប្រទេសនូវែលសេឡង់វិញ បានសរសេរសេចក្តីប្រកាសនៅលើបណ្តាញសង្គម Twitter ថា៖ «យើងដឹង ហើយ Facebook និង Instagram របស់ពួកយើងក៏មិនដំណើរការដូចគ្នា» «ជាអកុសលយើងមិនអាចធ្វើអ្វីបានទេ ព្រោះអ្នកដឹងទេថា ក្រុមហ៊ុនទាំងនោះមានទីតាំងនៅអាមេរិក ហើយយើងគ្រាន់តែជាប៉ូលីស ដូច្នេះសូមកុំទូរស័ព្ទមកពួកយើងដើម្បីរាយការណ៍ពីរឿងនេះ សុំចិត្តផងណា»។ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកនាំពាក្យម្នាក់បានប្រាប់ទៅ Daily Mail របស់អូស្រ្តាលីថា ការពិតប៉ូលិសប្រទេសនូវែលសេឡង់មិនបានទទួលការហៅទូរស័ព្ទណាមួយទេ ហើយសារនោះគឺបង្ហោះដើម្បីជាការកម្សាន្តលេងប៉ុណ្ណោះ៕










អត្ថបទ៖ លីដា
ប្រភព៖ dailymail