សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កាលពីឆ្នាំ២០១៤ សិស្សនិទេស A មានតែ ១១នាក់គត់ តែឆ្នាំ២០២៣ សិស្សនិទេស A មានដល់ទៅ ១៦៩១ នាក់
នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយ “សិស្សនិទ្ទេស A ចំនួន ១៦៩១ នាក់ ក្នុងនោះសិស្ស ១៦៧៣ ជាសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣ និងសិស្សចំនួន ១៨នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ សម័យប្រឡង៖ ២០ តុលា ២០២៣ ” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

នាឱកាសបោះដែរ សម្ដេចធិបតី បានគូសបញ្ជាក់ថា កាលពីឆ្នាំ២០១៤ សិស្សនិទេស A មានតែ ១១នាក់គត់ តែឆ្នាំ២០២៣ សិស្សនិទេស A មានដល់ដល់ទៅ ១៦៩១ នាក់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ ខ្ញុំសូមកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការជាមួយក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ កងរាជអាវុធហត្ថនិងផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសព័ន្ធយុវជនកម្ពុជា អគ្គិសនីកម្ពុជា រដ្ឋបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធដទៃទៀត ក្នុងការរៀបចំ និងដំណើរការការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២-២០២៣ និងការប្រលងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត៣ ដោយរលូន និងទទួលបានលទ្ធផលជាទីមោទក។ ខ្ញុំសូមចូលរួមអបអរសាទរ ជាមួយជ័យលាភីទាំងអស់ នៅក្នុងសម័យប្រឡង ថ្ងៃទី០៦ វិច្ឆិកា កន្លងទៅ ដែលមានក្មួយៗ ជាង ៩៨០០០នាក់ ស្មើនឹង ៧២.៨៩% ដែលជាបេក្ខជនបានប្រលងជាប់សរុប អ៉ីចឹងមិនមែនតែវត្តមានក្មួយៗ ដែលមាននិទេស A ទេ ប៉ុន្តែក៏មានក្មួយៗ ៧២% នៃបេក្ខជនដែលប្រលងសរុប ក៏បានជាប់ ក៏សូមអបអរសាទរ និងផ្ញើការអបអរសាទរ ទាំងអស់នេះ ជូនក្មួយៗផង។ ហើយការនេះ បង្ហាញពីវឌ្ឍភាព និងចីរភាពនៃការកំណែទម្រង់ប្រលងសញ្ញាបត្រទុតិយភូមិ ដែលយើងឈរនៅលើគោលការណ៍ «ចេះគឺជាប់»។ ជិត ១០ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ២០១៤ នៃការរៀបចំ តាំងពីពេលដំបូង បើតាមរបាយការណ៍ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់អំបាញ់មិញ តាំងពីពេលដែលយើងចាប់ផ្ដើមដំបូង ប្រលងដល់ទៅ ២តង់ បូកសរុបទៅចំនួនអ្នកជាប់មិនដល់ ៥០% ផង តង់ទី១ ជាប់ជាង ២៥% អ៉ីចឹងមិនអស់ចិត្តឱ្យប្រលងមួយលើកទៀត ជាប់បានជាង ១៧% បូកសរុបនៅពេលនោះមាននិទេស A តែ ១១ នាក់គត់ តែថ្ងៃនេះ យើងមានជាប់រហូតទៅដល់ក្បែរ ៧៣% ហើយនិទេស A ឡើងដល់ជិត ១៧០០នាក់ បានន័យថា ប្រព័ន្ធការងារ (ការកំណែទម្រង់) បានដើរ ដើរបានន័យថាម៉េច បានន័យថាមានចីរភាព ហើយចីរភាព បានន័យថា ម៉េច បានន័យថា សង្គមទាំងមូល ប្រជាជនយើងទាំងមូល បានគាំទ្រ និងទទួលនូវការកែទម្រង់នេះ ហើយយកជាវប្បធម៌ថ្មីនៃការប្រលងតែម្ដង នេះគឺជាជោគជ័យរបស់យើង »៕






អត្ថបទ៖ លីនី