លោកឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្ងើចសរសើរថា រោងចក្រ ខ្មែរ ប៊ែវើរីជីស បង្ហាញថា កម្ពុជា អាចឈានដល់កម្រិតល្អបំផុតក្នុងពិភពលោក
- BY
- Naren
- January 9, 2024
(ភ្នំពេញ មករា ២០២៤)៖ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Dominic Williams និងលោកស្រី Nilma-Dole Williams កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំសហការីនៃស្ថានទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ធ្វើទស្សនកិច្ចដោយផ្ទាល់នៅរោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកឧកញ៉ា លាង ម៉េង និងបុគ្គលិកនៃក្រុមហ៊ុន។

ក្នុងដំណើរទស្សនកិច្ចមួយនេះ ក្រៅពីឃើញផ្ទាល់កាន់តែច្បាស់ ពីស្ដង់ដារបច្ចេកវិទ្យាទំនើបដំបូងគេ នាំពីអ៊ឺរ៉ុប មកផលិតជាផលិតផលនៅក្នុងប្រទេសកម្ពុជា និងទទួលស្គាល់ពីស្ថាប័នអន្តរជាតិធំៗ ដែលវិនិយោគដោយសហគ្រិនខ្មែរ១០០%។

ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Dominic Williams បានលើកឡើងថា លោកបាន ចាប់អារម្មណ៍ខ្លាំង ទៅលើការយកចិត្តទុកដាក់ និងយល់ដឹងច្បាស់ពីការការពារបរិស្ថានដូចជា ប្រព័ន្ធសម្អាតកាកសំណល់រាវ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលអាចអាចដកក្លិនស្អុយ និងដកសារធាតុកខ្វក់បានយ៉ាងស្អាត ដើម្បីធានាថារាល់ទឹកកខ្វក់ទាំងអស់ មុនបញ្ចេញទៅក្រៅរោងចក្រ និងមិនប៉ះពាល់ដល់បរិស្ថាននោះទេ។

សបញ្ជាក់ឃើញយ៉ាងច្បាស់ថា ក្រៅពីផលិតភេសជ្ជៈលំដាប់អន្តរជាតិជូនប្រជាជនកម្ពុជានោះទេ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានគិតគូរទៅដល់បរិស្ថាន ដោយកែច្នៃថាមពលប្រើប្រាស់នៅក្នុងរោងចក្រឡើងវិញ។
ទន្ទឹមជាមួយគ្នានោះអ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍យ៉ាងបើកចំហរ ទៅកាន់ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាថា អ្នកឧកញ៉ា រីករាយស្វាគមន៍ពាណិជ្ជករអង់គ្លេស នៅក្នុងភាពជាដៃគូអាជីវកម្ម ដើម្បីនាំមកនូវភាពរីកចម្រើន បង្កើតការងារ និងបណ្ដុះមុខជំនាញដល់ប្រជាជនខ្មែរ។ ជាពិសេស អ្នកឧកញ៉ា លាង ម៉េង ក៏រំពឹងថាថ្ងៃខាងមុខនឹងមានកិច្ចសហប្រតិបត្តិការនាំយកផលិតផល របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទៅចែកចាយនៅប្រទេសអង់គ្លេសថែមទៀតផង។
ក្រោយពីបញ្ចប់ទស្សនកិច្ចឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Dominic Williams និងអ្នកឧកញ៉ា លាង ម៉េង ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានប្រគល់នូវវត្ថុអនុស្សាវរីយ៍ និងទទួលទានអាហារពេលល្ងាចយ៉ាងរីករាយ៕








- Share This Post:






