សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចបានចារឯកភាពឱ្យក្រសួង ៥ទៀត ដំណើរការប្រលងជ្រើសរើសមន្ត្រីក្របខណ្ឌ
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២២-២០២៣ សរុប ១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC) នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចបានចារឯកភាពឱ្យក្រសួង ៥ទៀត ដំណើរការប្រលងជ្រើសរើសមន្ត្រី ដោយអនុវត្តន៍តាមការធ្វើកំណែទម្រង់ប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ។
សម្តេចធិបតី ហ៊ុន ម៉ានណែត បានមានប្រសាសន៍ថា៖ « នៅក្នុងវិធានការគន្លឹះចំនួន៥ ដែលខ្ញុំដាក់ចេញ គឺវិធានការគន្លឹះទី១ គឺការធ្វើកំណែទម្រង់ និងបង្កើនប្រសិទ្ធភាពរដ្ឋបាលសាធារណៈ ក្នុងនោះមានកិច្ចការងារ ៣ ទីមួយក៏ពាក់ព័ន្ធការប្រលងជ្រើសរើសមន្ត្រីថ្មី ដែលយើងបានអនុវត្តន៍រួចហើយជាមួយនឹងប្រលងជ្រើសរើសមន្ត្រីកសិកម្មលើកទី១ ២៥០នាក់ ជិត ១ម៉ឺននាក់ដាក់ពាក្យ យកតែ ២៥០នាក់ុ។ ម៉ោងស្មើនេះខ្ញុំតាមមើលមិនទាន់មានការរិះគន់ មិនអាចជាប់ទាំងអស់ទេ ១ម៉ឺននាក់ យក ២៥០ ប្រាកដជាមានអ្នកជាប់ និងអ្នកធ្លាក់ហើយ ប៉ុន្តែធ្លាក់ដោយអស់ចិត្ត គិតថាការដឹកនាំប្រលងគឺធ្វើឡើងសមត្ថភាពពិតប្រាកដ។ អីឡូវល្ងាចមិញខ្ញុំបានចារឯកភាពឱ្យ ៥ក្រសួងទៀត ដែលនៅជំពាក់សម្រាប់រើសមន្ត្រីក្របខណ្ឌឆ្នាំ២០២៣ ដែលនៅសល់ ៥ស្ថាប័នទៀតប្រលងដែរ ព្រោះកាលដែលយើងបង្កើតរដ្ឋាភិបាលថ្មីមាន ៦ស្ថាប័ន ដែលត្រូវប្រលងមានក្រសួងអប់រំ មានប្រលង ២តង់ នៅក្រសួងកសិកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងប៉ុន្មានទៀត ខ្ញុំឱ្យរៀបចំនីតិវិធីថ្មីសិន ដើម្បីយើងធ្វើ ហើយវាជារបត់មួយក្នុងការពង្រឹងស្ថាប័ន ដើម្បីលើកទឹកចិត្ត»។
សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា៖ « ការធ្វើកំណែទម្រង់ផ្ទៃក្នុងក្រសួង ស្ថាប័ន ចំពោះយន្តការដែលមានស្រាប់ បូករួមទាំងប្រើប្រាស់មន្ត្រីដែលមានស្រាប់ដើម្បីធ្វើយ៉ាងបង្កើនប្រសិទ្ធភាពការងារ។ ព្រមទាំងផ្តល់ឱកាសការបណ្តុះបណ្តាលបន្ថែម ពង្រឹងបន្ថែម ក៏ដូចជាផ្តល់ឱកាសដល់មន្ត្រីថ្មី ដែលជាគ្រាប់ពេជ្រទើបបណ្តុះបណ្តាល ក្នុងន័យធ្វើយ៉ាងណាក្លាយជាមន្ត្រីដែលមានប្រសិទ្ធភាព សមត្ថភាព។ បរិមាណរឿងមួយ ប៉ុន្តែ គុណភាពអញ្ចឹងត្រូវបង្កើតបរិស្ថានមួយដែលអាចរីកលូតលាស់ទាំងមន្ត្រីថ្មីដែលរើស ទាំងមន្ត្រីដែលមានស្រាប់ និងប្រព័ន្ធលើកទឹកចិត្តដែលភ្ជាប់ជាមួយនឹងលទ្ធផលការងារ ហើយនេះគឺជាអ្វីដែលយើងត្រូវធ្វើគឺការធានានូវបរិស្ថានមួយដើម្បីលើកទឹកចិត្តដល់អ្នកទាំងអស់គ្នានៅក្នុងការធ្វើ ហើយនេះជាគោលដៅមួយ»៕


អត្ថបទ៖ លីនី