ព័ត៌មានជាតិ

ចាប់ពីខែមករា ដល់បំណាច់ខែមេសា មន្ទីរធនធានទឹកខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាកសិករ ផ្អាកធ្វើស្រូវរដូវប្រាំងសិន ដោយសារបាតុភូតអែលនីណូ នឹងបន្តកើនកម្ដៅផែនដី ដែលធ្វើឱ្យខ្វះប្រភពទឹក

BY
Khmernote Media
January 9, 2024

ខេត្តប៉ៃលិន៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការងារបង្កបង្កើនផលស្រូវរដូវប្រាំង (លើកទី២) ក្នុងស្រុកសាលាក្រៅ។

មន្ទីរធនធានទឹកខេត្តប៉ៃលិន សូមជម្រាបជូនដំណឹងដល់សាធារណៈជន ពិសេសបងប្អូនប្រជាកសិករ ដែលកំពុងធ្វើស្រូវរដូវប្រាំង ក្នុងឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ទាំងអស់មេត្តាជ្រាបថា៖ ដោយយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមឃើញថា បាតុភូត អែលនីណូ ELNino (ការឡើងកម្ដៅផែនដី) នៅបន្តកើតមានកម្រិតខ្ពស់ពីខែមករា រហូតដល់បំណាច់ខែមេសា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យប្រភពទឹកតាមស្ទឹង និងអូរមួយចំនួនឹងបន្តហួតហែងបន្ថែមទៀត។

ដើម្បីធានាបាន នូវទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាកាត់បន្ថយនូវការខាតបង់ប្រាក់កាក់ របស់បងប្អូនប្រជាកសិករ ក្នុងការចំណាយធ្វើស្រែប្រាំង សូមបងប្អូនប្រជាកសិករទាំងអស់ មេត្តាផ្អាកធ្វើស្រូវប្រាំងបន្ថែម ពិសេសការធ្វើ ស្រូវប្រាំងលើកទី២ ដើម្បីជៀសវាងការខាតបង់ថវិកា ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនទាំងអស់គ្នា។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន និងបងប្អូនប្រជាកសិករទាំងអស់ មេត្តាជ្រាប ជាព័ត៌មាន ៕

ប្រភព៖ ព័ត៌មាន ខេត្តប៉ៃលិន

Share This Post: