PR

ក្រុមហ៊ុន ជីប ម៉ុង ចូលរួមជាមួយរាជរដ្ឋាភិបាលតាមរយៈសម្តេចធិបតី ហ៊ុន ម៉ាណែត ជួយឧបត្ថម្ភ Samsung Galaxy Tab A9+ ចំនួន ១៦៩១គ្រឿង ដល់សិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

BY
Naren
January 10, 2024

ភ្នំពេញ៖ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ ជ្រោយចង្វារ ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយឧបត្ថម្ភនូវឧបករណ៍ Samsung Galaxy Tab A9+ ចំនួន ១៦៩១ គ្រឿង ដើម្បីប្រគល់ជារង្វាន់លើកទឹកចិត្តដល់សិស្សដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីពេលថ្មីៗកន្លងទៅនេះ។

ការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុន ជីប ម៉ុង នេះគឺដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស រហូតបានលទ្ធផលយ៉ាងគាប់ប្រសើរ។ លើសពីនេះទៅទៀត គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាធនធានដ៏មានតម្លៃ ចូលរួមជាកាតាលីករក្នុងការអភិវឌ្ឍប្រទេសជាតិទាំងមូល។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី៣ហើយដែលក្រុមហ៊ុន ជីប ម៉ុង បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A។ កាលពីឆ្នាំ២០២២កន្លងទៅ ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភ iPad ចំនួន ១,៧៥៣គ្រឿង និង iPad ចំនួន ៤៤៣គ្រឿង ក្នុងឆ្នាំ២០១៩ ដល់សិស្សនិទ្ទេស A ទូទាំងប្រទេស។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ ព្រមទាំងសហការីនៃក្រុមហ៊ុន ជីប ម៉ុង តែងតែចងចាំជានិច្ចនូវគុណបំណាច់របស់ សម្តេចតេជោ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យក្រុមហ៊ុន ជីប ម៉ុង អាចអភិវឌ្ឍខ្លួន និងបន្តវិនិយោគក្នុងវិស័យជាច្រើន និងជាពិសេសមានឱកាសចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងធ្វើកិច្ចសហប្រតិបត្តិការនានា ដើម្បីជាប្រយោជន៍ដល់ប្រជាជនក្នុងសង្គមជាតិ។

Share This Post: