ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៖ អ្នកបង្កហេតុគ្រោះថ្នាក់ចរាចរណ៍បើមិនហ៊ានប្រឈមចំពោះមុខច្បាប់ទេ អ្នកនឹងក្លាយទៅជាមនុស្សក្រៅច្បាប់អស់មួយជីវិត
- January 10, 2024
រាជធានីភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា អ្នកបង្កហេតុគ្រោះថ្នាក់ចរាចរណ៍បើមិនហ៊ានប្រឈមមុខច្បាប់នោះទេ អ្នកនឹងក្លាយទៅជាមនុស្សក្រៅច្បាប់អស់មួយជីវិត។ ឧបនាយករដ្ឋមន្ត្រី ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានមានប្រសាសន៍ថា៖ « ការប្រើប្រាស់នូវវិធានការបន្ធូរបន្ថយ ផ្អែកលើច្បាប់មិនមែនបានន័យថារួចខ្លួននោះទេ ប៉ុន្តែវិធានការបន្ធូរបន្ថយមួយ ប្រសិនបើអ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ គាត់បង្ហាញភាពក្លាហាន និងសហការចូលរួមដោះស្រាយនូវចំពោះមុខច្បាប់។ សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍តាមច្បាប់របស់យើង អត់មានជាប់ទោសអស់មួយជីវិតទេ ប៉ុន្តែបើយើងមិនហ៊ានប្រឈម យើងនឹងក្លាយទៅជាមនុស្សក្រៅច្បាប់អស់មួយជីវិត។»
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្ថែមទៀតថា៖ «អ៊ីចឹងយើងលើកទឹកចិត្តថា បើចូលមកប្រឈមដោះស្រាយតុលាការត្រូវប្រើប្រាស់នូវវិធានការបន្ធូរបន្ថយលើគាត់ ធានាបាននូវសំណងហើយ ធានាបាននូវយុត្តិធម៌ទៀត ប៉ុន្តែប្រសិនជាបុកគេហើយ រួចរត់គេចខ្លួន សូមបញ្ជាក់មិនមែន បទល្មើសតែមួយបទទេ គឺបទល្មើសពីរបទ រឿងដែលបុកគេមួយហើយ កុំទាន់គិតថាខុស ឬត្រូវ ប៉ុន្តែរឿងទី២ គឺបទល្មើស រត់គេចខ្លួនមួយទៀត កន្លែងមួយនេះ គឺថាវិធានការត្រូវតែម៉ឺងម៉ាត់។ អ៊ីចឹងហើយរឿងនេះ គឺជាការយកចិត្តទុកដាក់ជាអាទិភាព សម្រាប់សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ៕ »






- Share This Post:






