អន្តរជាតិ

ខ្មាន់កាំភ្លើងមួយក្រុមនាំគ្នាចូលទៅអុកឡុកក្នុងស្ថានីយទូរទស្សន៍មួយកន្លែងដែលកំពុងធ្វើការផ្សាយបន្តផ្ទាល់នៅអេក្វាឌ័រ

BY
Pheakdey
January 10, 2024

អេក្វាឌ័រ៖ ខ្មាន់កាំភ្លើងមួយក្រុមបាននាំគ្នាចូលទៅវាយប្រហារនៅក្នុងស្ថានីយទូរទស្សន៍មួយកន្លែងដែលកំពុងធ្វើការផ្សាយបន្តផ្ទាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃពុធ ទី១០ ខែមករានេះ។ សកម្មភាពដ៏គឃ្លើននេះបានកើតឡើងនៅក្នុងស្ថានីយទូរទស្សន៍ TC ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Guayaquil នៃប្រទេសអេក្វាឌ័រ។

នៅក្នុងអំឡុងពេលនៃការវាយប្រហារនោះក្រុមបុគ្គលិកបម្រើការងារនៅក្នុងស្ថានីយទូរទស្សន៍ទាំងអស់ត្រូវបានក្រុមខ្មាន់កាំភ្លើងបង្ខំឲ្យ​ក្រាបទៅលើឥដ្ឋ បន្តិចក្រោយមកពួកគេក៏ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ខណៈមានបុគ្គលិកចំនួន ២នាក់ត្រូវបានរងរបួស។ ភ្លាមៗក្រោយក្រុមខ្មាន់កាំភ្លើងនាំគ្នាធ្វើសកម្មភាព ការផ្សាយផ្ទាល់ត្រូវបានផ្អាក សំឡេងស៊ីរ៉ែនប្រកាសអាសន្នក៏បានបន្លឺឡើង ហើយទីបំផុតទៅប៉ូលិសអេក្វាឌ័រអាចចាប់ខ្លួនខ្មាន់កាំភ្លើងបានចំនួន ១៣នាក់។

គួរបញ្ជាក់ជូនថា ភាពអនាធិបតេយ្យនៅក្នុងប្រទេសអេក្វាឌ័របានកើតឡើងក្រោយពេលលោកប្រធានាធិបតី Daniel Noboa បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នដើម្បីឆ្លើយតបទៅនឹងករណីរត់ចេញពីគុករបស់ស្តេចគ្រឿងញៀនដ៏មានអំណាចមួយឈ្មោះ José Adolfo Macias ឬហៅថា “Fito” ដែលត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល​ ៣៤ឆ្នាំ។ សូមបញ្ជាក់ជូនថា ការប្រកាសដាក់ប្រទេសអេក្វាឌ័រក្នុងគ្រាមានអាសន្ននេះគឺមានសុពលភាពក្នុងរយៈពេល ៦០ថ្ងៃ ដោយគិតចាប់ពីថ្ងៃចន្ទដើម្បីសប្តាហ៍នេះតទៅ ខណៈចាប់តាំងពីមានសេចក្តីប្រកាសនេះមកមានពលរដ្ឋអេក្វាឌ័រចំនួន ១០នាក់ហើយដែលត្រូវគេបាញ់សម្លាប់យ៉ាងអនាធិបតេយ្យ៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

 

Share This Post: