ឥណ្ឌូនេស៊ីកំពុងពិនិត្យគម្រោងសាងសង់ជញ្ជាំងសមុទ្រខ្នាតយក្សតម្លៃជាង ១០ពាន់លានដុល្លារដើម្បីការពារក្រុងចាកាតាកុំឲ្យទឹកលិច
- BY
- Pheakdey
- January 11, 2024
ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីកំពុងត្រួតពិនិត្យឡើងវិញនូវគម្រោងសាងសង់ជញ្ជាំងសមុទ្រដ៏ធំមិនធ្លាប់មានមួយ ដែលអាចមានតម្លៃរហូតដល់ ១៦៤ ពាន់ពាន់លានរូពី (១០,៥ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ តាមគម្រោងគឺជញ្ជាំងសមុទ្រខាងលើនេះនឹងត្រូវសាងសង់ឡើងជាច្រើនដំណាក់កាល ខណៈសមិទ្ធផលផ្លូវការចុងក្រោយដែលគេរំពឹងនឹងទទួលបានជញ្ជាំងយក្សនោះគឺនៅក្នុងឆ្នាំ ២០៤០។

ប្រភពខាងលើបានបន្តថា គោលបំណងនៃការសាងសង់ជញ្ជាំងយក្សនេះគឺដើម្បីការពារទីក្រុងចាកាតាមិនឲ្យទឹកលិច ដ្បិតនាពេលបច្ចុប្បន្ននេះក្រុងចាកាតាកំពុងរងគ្រោះដោយទឹកជំនន់កាន់តែអាក្រក់ឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈក្រុមអ្នកជំនាញបានព្យាករណ៍ថា នៅពេលអនាគតក្រុងចាកាតាអាចនឹងត្រូវទឹកលិចបាត់តែម្តង ប្រសិនបើអាជ្ញាធរឥណ្ឌូនេស៊ីមិនព្រមដាក់ចេញវិធានការទប់ស្កាត់ឬការពារណាមួយនោះទេ។ យោងតាមរបាយការណ៍មួយរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានបញ្ជាក់ថា កម្ពស់ទឹកសមុទ្រនៅជាប់ក្រុងចាកាតាបានកើនឡើង ២៥សង់ទីម៉ែត្រជារៀងរាល់ឆ្នាំ ខណៈកម្ពស់ទឹកជំនន់វិញគឺបានកើនឡើង ២០០សង់ទីម៉ែត្រជារៀងរាល់ឆ្នាំផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






