ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ស្រ្តីលក់ផលិតផលអនឡាញណាដែលហួសព្រំដែនធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌និងសីលធម៌របស់ស្ត្រីខ្មែរ នឹងត្រូវយកមកអប់រំតម្រង់ទិស»

    BY Liny Chan January 11, 2024
    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ស្រ្តីលក់ផលិតផលអនឡាញណាដែលហួសព្រំដែនធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌និងសីលធម៌របស់ស្ត្រីខ្មែរ នឹងត្រូវយកមកអប់រំតម្រង់ទិស»

    នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី”។

    នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានញ្ជាក់ថា សកម្មភាពរបស់ស្រ្តីលក់ផលិតផលអនឡាញណា ដែលហួសព្រំដែនធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ និងសីលធម៌របស់ស្ត្រីខ្មែរ នឹងត្រូវដាក់ទណ្ឌកម្ម ប៉ុន្ដែការដាក់ទណ្ឌកម្មនេះ គឺជាការតម្រង់ទិសដើម្បីធ្វើយ៉ាងណាឱ្យមានការកែប្រែឡើងវិញ មិនមែនជាការដាក់ទោសទណ្ឌនោះទេ។

    សម្ដេចធីបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ឥឡូវការវិវត្តន៍នៃប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ដូចជាការផ្ដល់រង្វាន់តាមរយៈបើមាន អ្នកមើលច្រើន (View) បានលុយ ពេលខ្លះធ្វើឱ្យមនុស្សភ្លេចនូវព្រំដែន ធ្វើអីក៏ធ្វើឱ្យតែមនុស្សមើលច្រើន ដើម្បីបានក្រេឌីត កុំភ្លេចថាអ្នកដែលឱ្យក្រេឌីតនេះ គេនៅប្រទេសផ្សេង គេតម្លៃផ្សេង គេវប្បធម៌ផ្សេង ខុសពីយើង។ អ៉ីចឹងបើសិនជាគាត់អនុវត្តលើសព្រំដែន យើងត្រូវដាក់ទណ្ឌកម្ម តែទណ្ឌកម្មនេះមិនមែនជាការធ្វើបាបទេ តែជាការតម្រង់ទិស ដើម្បីជាសារមួយប្រាប់ថា ក្មួយ ឬ បងប្អូន បានដើរហួសព្រំដែន ហើយដើម្បីឱ្យអ្នកផ្សេងផង ថា អូ! ហួសព្រំដែន»​។

    សម្ដេចបានមានប្រសាសន៍បន្ថែមថា៖ « សិទ្ធិសេរីភាពម្ខាង ប៉ុន្តែតម្លៃសង្គម និងតម្លៃវប្បធម៌ក៏ម្ខាង ហើយជាសិទ្ធិសេរីភាពរបស់ប្រជាជនខ្មែរជាច្រើន ដែលសំណូមពរឱ្យក្រសួងធ្វើវិធានការអប់រំកម្រិតណាមួយ ឬមួយក៏វិធានការណាមួយដើម្បីឱ្យគាត់កែ អប់រំមិនស្ដាប់ត្រូវអនុវត្តតាមយ៉ាងម៉េច ដើម្បីឆ្លើយតបតាមទៅនឹងតម្រូវការប្រជាពលរដ្ឋរបស់យើងដែរ ដែលប្រជាពលរដ្ឋយើងច្រើនលើសលប់ជាពិសេសស្រ្តី បានចូលរួមនៅក្នុងការការពារតាមរយៈការបញ្ចេញទស្សនៈ នូវការសំណូមពរ ហើយបានជួយអបរំកូនចៅផ្ទាល់ ថែមទាំងការចូលរួមនេះ។ អ៉ីចឹងខ្ញុំគិតថា តម្លៃនេះត្រូវថែរក្សា បើសិនជាយើងមិនណែនាំតម្រង់ទិស ម្នាក់ឃើញគាត់ថាប្រហែលជារឿងហ្នឹងមិនខុសទេ អ៉ីចឹងគ្រប់គ្នាចេញមកហើយ មិនប្រកួតគ្នាទៅធ្វើអ្វីដែលល្អ ទៅប្រកួតគ្នាធ្វើអ្វីដែលអាក្រក់ តើសង្គមយើងទៅជាយ៉ាងណា? ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងកិច្ច​ការនារីបន្តតាមដាន ប៉ុន្តែនិយាយអ៉ីចឹងមិនមែនបានន័យថា ប៉ះដៃកាត់ដៃ ប៉ះជើងកាត់ជើងទេ តែយើងត្រូវអនុវត្តវិធានការអប់រំតម្រង់ទិស ចេញអបរំជាប្រចាំ​ »។

    ទន្ទឹមនឹងការលើកឡើងខាងលើនេះ សម្ដេចធីបតី ហ៊ុន ម៉ាណែត ក៏ចង់ឱ្យបងប្អូន ប្រកួតប្រជែងបានអ្នកមើល (View) តាមការបង្កើតនុវានុវត្ត តាមការបង្កើតកម្មវិធីផ្សេងៗ ដែលមិនហួសហេតុ បង្កើតព្រំដែនសីលធម៌ ដូចទៅនឹងអ្នកលក់ផលិតផលមួយចំនួនដែលសម្ដេចបានឃើញ ដោយសម្ដេចបញ្ជាក់ថា៖ «មិនលើសព្រំដែនតែកំប្លែងដដែលហ្នឹង ហើយកំប្លែងដូចគ្នា មិនចាំបាច់ទាល់តែចំអេសចំអាសទេ ហើយលក់ផលិតផលដាច់មិនចាំបាច់ទាល់តែត្រូវធ្វើអីហួសព្រំដែនដែរ »៕

    អត្ថបទ៖ លីនី

    Share This Post: