ព័ត៌មានជាតិ

រដ្ឋបាលជលផលត្បូងឃ្មុំ កោតសរសើរអ្នកនេសាទម្នាក់ ដែលជូនស្តេចត្រីឈ្មោះ«នារីរ័ត្នត្បូងឃ្មុំ» ទម្ងន់ ១៦៣គីឡូក្រាម លែងចូលក្នុងទន្លេមេគង្គវិញ

BY
Khmernote Media
January 11, 2024

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក សយ ស៊ាងហុង នាយផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ លោក ជាម ប៉ង នាយរងខណ្ឌ តំណាងឱ្យរដ្ឋបាលជលផល នៅថ្ងៃពុធ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានប្រគល់នូវលិខិតសរសើរជូនដល់អ្នកនេសាទឈ្មោះ ស៊េន យ៉ាក់កូប ដែលចាប់បាន និងប្រគល់ត្រីរាជញី១ក្បាលទម្ងន់ ១៦៣គីឡូក្រាម ប្រវែង ២,២៤ម៉ែត្រ ឈ្មោះ «នារីរ័ត្នត្បូងឃ្មុំ» ជូនរដ្ឋបាលជលផលដើម្បីលែងចូលក្នុងទន្លេមេគង្គវិញដើម្បីអភិរក្ស កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។

ស្តេចត្រីរាជញីទម្ងន់ ១៦៣គីឡូក្រាម ឈ្មោះ« នារីរ័ត្នត្បូងឃ្មុំ» ចាប់បាននៅគល់ស្ពានគីហ្សូណា ដោយអ្នកនេសាទឈ្មោះ ស៊េន យ៉ាក់កូប រស់នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ហើយប្រគល់ឱ្យខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ និងមន្ត្រីខណ្ឌ បានចូលរួមជាមួយក្រុមការងារ វិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប ( IFreDI ) នៃរដ្ឋបាលជលផល នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ យោធាភូមិភាគ២ ប្រជាពលរដ្ឋ និង ក្រុមការងារអច្ឆរិយៈភាពនៃទន្លេមេគង្គ (Wonder of the Mekong) បានចូលរួមលែងចូលទន្លេមេគង្គវិញថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ។ ត្រីរាជញីមួយក្បាលមានទម្ងន់ ១៦៣គីឡូក្រាម ប្រវែងដងខ្លួន ២,២៥ម៉ែត្រ ដែលត្រីរាជញីនេះ ត្រូបានក្រុមការងារនេះដាក់ឈ្មោះ «នារីរ័ត្នត្បូងឃ្មុំ» ក្រុមការងារក៏បានបំពាក់ស្លាក ដើម្បីតាមដានចរាចរផ្លាស់ទីរបស់ត្រីផងដែរ។

លោក សយ ស៊ាងហុង នាយផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ ជំនួសមុខឱ្យក្រុមការងារជលផល ជាបឋមខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ស៊េន យ៉ាក់កូប ដែលបានប្រគល់ត្រីដ៏ធំមួយក្បាលនេះ ជូនរដ្ឋបាលជលផល និងបានចូលរួមលែង អភិរក្សត្រីរាជកម្រនេះចូលទៅក្នុងទន្លេវិញ ។ ប្រសិនមានអ្នកចាប់បាន សូមរាយការណ៍មកកាន់រដ្ឋបាលជលផលតាមរយៈលេខ 012805347, 077555804, 097 909 0001 ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: