កូរ៉េខាងជើងត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាលើកដំបូងក្រោយបិទប្រទេសតាំងពីឆ្នាំ២០២០មក
- BY
- Pheakdey
- January 12, 2024
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងនឹងបើកច្រកទ្វារព្រំដែនទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាលើដំបូងគិតចាប់តាំងពីមានវិបត្តិរាតត្បាតនៃជំងឺកូវីដ-១៩មក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១២ ខែមករានេះ។ គួររម្លឹកជូនថា កូរ៉េខាងជើងបានបិទប្រទេសមិនឲ្យមានភ្ញៀវបរទេសធ្វើដំណើរចូលដោយគ្មានការអនុញ្ញាតចាប់តាំងពីឆ្នាំ ២០២០មក ហើយកូរ៉េខាងជើងក៏បានក្លាយជាប្រទេសដែលមានវិធានការរឹតបន្តឹងប្រទេសតឹងរឹងជាងគេបំផុតផងដែរ។

ភ្ញៀវទេសចរអន្តជាតិដែលនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងជាលើកដំបូងនោះគឺជាក្រុមភ្ញៀវទេសចរជនជាតិរុស្ស៊ី ដែលត្រូវធ្វើដំណើរចេញពីប្រទេសរុស្ស៊ីនៅក្នុងថ្ងៃទី ៩ ខែកុម្ភៈខាងមុខនេះ។ ដំណើរទេសចរណ៍មួយនេះនឹងមានរយៈពេល ៤ថ្ងៃ ខណៈអ្នកដំណើរអាចទៅដើរកំសាន្តនៅទីកន្លែងជាច្រើនក្នុងទីក្រុងព្យុងយ៉ាង និងកន្លែងជិះស្គីទឹកកកផងដែរ។ គួរកត់សម្គាល់ថា ដំណើរទេសចរណ៍ពីសំណាក់ពលរដ្ឋរុស្ស៊ីខាងលើនេះគឺបានកើតឡើងក្រោយពេលលោក គីម ជុងអ៊ុន បានអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីកាលពីខែកញ្ញាកន្លងទៅនេះ។ សូមបញ្ជាក់ជូនផងដែរថា កាលពីឆ្នាំ២០១៩ ប្រទេសកូរ៉េខាងជើងបានប្រកាសថា អាចទទួលបានប្រាក់ចំណូលចំនួន ១៧៥លានដុល្លារពីវិស័យទេសចរណ៍អន្តរជាតិ ខណៈភ្ញៀវទេសចរដែលបានធ្វើដំណើរទៅដល់ទឹកដីកូរ៉េខាងជើងច្រើនជាងគេនោះគឺភ្ញៀវទេសចរជនជាតិចិន៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






