ព័ត៌មានជាតិ

បុរសម្នាក់ ជាប្រធានការិយាល័យលេខាក្រុមប្រឹក្សា ស្រុកកៀនស្វាយ បានចូលខ្លួនមកបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍ នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅហើយ

BY
Khmernote Media
January 12, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសម្នាក់ឈ្មោះ ពិសិដ្ឋ រតនា អាយុ៣១ឆ្នាំ មុខរបរ ប្រធានការិយាល័យលេខាក្រុមប្រឹក្សា ស្រុកកៀនស្វាយ សង្ស័យជាអ្នកបើកបររថយន្តម៉ាក Lexus 350 ពណ៌ស ពាក់ផ្លាកលេខ នប 0393 នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានចូលខ្លួនមកបំភ្លឺនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនោះហើយ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏សូមអរគុណចំពោះបុរសនេះដែលបានចូលខ្លួនមកកន្លែងសមត្ថកិច្ចដើម្បីបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

សូមបញ្ជាក់ថា៖ កាលវេលាម៉ោង២១និង៤០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចបុរីហាយធិចចំប៉ាក្បាលកោះ លើផ្លូវលេខជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រវាងរថយន្តម៉ាក Lexus 350 ពណ៌ស ពាក់ផ្លាកលេខ នប 0393 និងរថយន្តម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-7915។

ក្នុងហេតុការណ៍នេះបណ្តាលឱ្យរថយន្តទាំង២គ្រឿងខូចខាតធ្ងន់ ក្នុងនោះភាគីរថយន្តម៉ាក Lexus ជិះក្នុងរថយន្ត៥នាក់ ប្រុស៣នាក់ ស្រី២នាក់ បណ្តាលឱ្យបាត់បង់ជីវិត ០២នាក់ប្រុស ចំណែកស្រី០២នាក់ របួសធ្ងន់ និងស្រាល ចំនួន១នាក់ ប្រុស ហើយអ្នកដែលរបួសស្រាលប្រុសនេះ សង្ស័យជាអ្នកបើកបររថយន្ត Lexus ដែលមានឈ្មោះដូចខាងលើ។

ក្នុងហេតុការណ៍នេះអ្នកបើករថយន្តម៉ាក Toyota Camry មិនបានគេចខ្លួននោះទេ ហើយបន្ទាប់មកត្រូវបានសមត្ថកិច្ចជំនាញនាំអ្នកបើកបររថយន្តម៉ាក Toyota Camry មកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។ ក្នុងនោះសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើផងដែរ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: