អន្តរជាតិ

Microsoft វ៉ាដាច់ Apple ក្លាយជាក្រុមហ៊ុនមានតម្លៃខ្ពស់ជាងគេនៅលើពិភពលោកជាមួយតម្លៃទីផ្សារសរុបជាង ២,៨លានលានដុល្លារ

BY
Pheakdey
January 13, 2024

ក្រុមហ៊ុន Microsoft បានវ៉ាដាច់ក្រុមហ៊ុន Apple ក្លាយជាក្រុមហ៊ុនដែលមានតម្លៃខ្ពស់ជាងគេបំផុតនៅលើពិភពលោកដោយមានតម្លៃភាគហ៊ុនជាង ២,៨លានលានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១៣​ ខែមករានេះ។ គួរកត់សម្គាល់ថា នេះជាលើកទី១ហើយបើគិតចាប់តាំងពីឆ្នាំ២០២១មក ដែលតម្លៃហ៊ុនរបស់ក្រុម​ហ៊ុន Microsoft បានឡើងខ្ពស់ជាងគេបំផុត ខណៈនាពេលកន្លងមកតំណែងកំពូលមួយនេះគឺជារបស់ក្រុមហ៊ុន Apple។

ប្រភពខាងលើបានបន្តថា ការប្រែប្រួលតម្លៃទីផ្សាររបស់ក្រុមហ៊ុនខ្នាតយក្សទាំង ២ខាងលើនេះបានកើតឡើង ក្រោយគេកំពុងមានការព្រួយបារម្ភអំពីទីផ្សាររបស់ទូរស័ព្ទ iPhone ហើយក្តីកង្វល់នេះបានទាញឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះ ០,២% ពោលគឺត្រូវធ្លាក់ចុះពីតម្លៃជាង ៣លានលានដុល្លារកាលពីចុងឆ្នាំ២០២៣​ មកសល់ត្រឹម ២,៨៧៥លានលានដុល្លារកាលពីថ្ងៃសុក្រ ទី១២នេះ។ ជាមួយពេលដំណាលគ្នានេះតម្លៃទីផ្សារបស់ក្រុមហ៊ុន Microsoft បានកើនឡើង ១% ដែលធ្វើតម្លៃហ៊ុនសរុបត្រូវកើនឡើងដល់ចំនួន ២,៨៨៧លានលានដុល្លារ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

Share This Post: