អ្នកទេសចរប្រហែល ១ពាន់នាក់កំពុងជាប់នៅភូមិដាច់ស្រយាលមួយក្រោយព្រិលទឹកកកបានធ្លាក់យ៉ាងខ្លាំងនៅប៉ែកខាងជើងប្រទេសចិន
- BY
- Pheakdey
- January 16, 2024
ចិន៖ អ្នកទេសចរប្រមាណជា ១,០០០នាក់កំពុងជាប់នៅក្នុងតំបន់ទេសចរណ៍ដាច់ស្រយាលមួយក្រោយព្រិលទឹកកកបានធ្លាក់យ៉ាងខ្លាំងនៅប៉ែកខាងជើងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមករានេះ។ ទីតាំងដែលអ្នកទេសចរកំពុងតែជាប់គាំងមិនអាចជម្លៀសខ្លួនបាននោះមានឈ្មោះថា ភូមិ Hemu ដែលមានទីតាំងស្ថិតនៅតាមតំបន់ព្រំដែនជាប់ប្រទេសកាហ្សាក់ស្ថាន រុស្ស៊ី និងម៉ុងហ្គោលី។

ប្រភពខាងលើបានបន្តថា ព្រិលទឹកកកដែលបានធ្លាក់នៅតំបន់ទេសចរណ៍ខាងលើនេះមានកម្ពស់រហូតដល់ ៧ម៉ែត្រ និងអាចឡើងខ្ពស់ជាងនេះបន្ថែមទៀតនៅចុងសប្តាហ៍នេះ។ បរិមាណដ៏ច្រើនរបស់ព្រិលទឹកកកបានកាត់ផ្តាច់ផ្លូវចូលទៅកាន់ភូមិ Hemu អស់ប្រមាណជា ៤គីឡូម៉ែត្រ ខណៈការធ្វើដំណើរតាមផ្លូវអាកាសវិញក៏មិនអាចធានាសុវត្ថិភាពបាន ១០០%ដែរ។ នៅចំពោះមុខស្ថានភាពអាក្រក់នេះអាជ្ញាធរចិនបានបញ្ជូនក្រុមអ្នកជួយសង្គ្រោះចំនួន ៥៣នាក់ និងគ្រឿងចក្រចំនួន ៣១គ្រឿងសម្រាប់ទៅជួយសម្អាតព្រិលទឹកកកនៅតាមផ្លូវសំខាន់ៗមួយចំនួនដើម្បីឲ្យក្រុមអ្នកទេសចរអាចធ្វើដំណើរបានឡើងវិញ ខណៈគិតត្រឹមពេលនេះនៅមិនទាន់មានអ្នកទេសចរណាម្នាក់បានរងគ្រោះថ្នាក់នោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






