ករណីរថយន្ដ Jeep បុកកីឡាករវាយសីជម្រើសជាតិម្នាក់បាត់បង់ជីវិតិនៅខណ្ឌទួលគោក ពេលនេះម្ដាយជនបង្កប្ដឹងប្រពន្ធ និងក្រុមគ្រួសារជនរងគ្រោះ ពីបទ «បរិហាកេរ្ដិ៍ជាសាធារណៈ»
- January 16, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ករណីរថយន្ត Jeep ស្លាកលេខ 2CB-9963 ភ្នំពេញ បុកជនរងគ្រោះ បណ្ដាលឱ្យបាត់បង់ជីវិត ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នៅមិនទាន់ចប់ទេ ខណៈម្ដាយជនបង្កឈ្មោះ សុខ លីណា ប្ដឹងប្រពន្ធជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះមួយចំនួនទៀត ពីបទ បរិហារកេរ្តិ៍តាមសារព័ត៌មាន, បទ ជេរប្រមាថជាសាធារណៈនិងបទ បរិហារកេរ្តិ៍ជាសាធារណៈ។

តាមរយៈការបង្ហោះឱ្យដឹងពីគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ករណីរថយន្ត Jeep ស្លាកលេខ 2CB-9963 ភ្នំពេញ បុកជនរងគ្រោះ បាត់បង់ជីវិត មិនទាន់ចប់ទេ រឿងនេះកាន់តែសាហាវ! ស្ទើរតែមិនជឿនឹងភ្នែកដែលខ្ញុំទទួលបានដីកាកោះរបស់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលម្ដាយជនបង្កឈ្មោះ សុខ លីណា ប្ដឹងប្រពន្ធជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះមួយចំនួនទៀត ខណៈបុណ្យ ១០០ថ្ងៃ មិនទាន់បានធ្វើផង។ »
លោក ផែង វណ្ណៈ បានបន្តថា៖ «ឈ្មោះ សុខ លីណា បានប្ដឹងប្រពន្ធជនរងគ្រោះ ពីបទ បរិហារកេរ្តិ៍តាមសារព័ត៌មាន, បទ ជេរប្រមាថជាសាធារណៈ និងបទ បរិហារកេរ្តិ៍ជាសាធារណៈ។ ហ៉ឺម អាណិតប្រពន្ធជនរងគ្រោះណាស់ គេបុកប្ដីបាត់បង់ជីវិតមិនទាន់ទទួលបានយុត្តិធម៌ផង ឥលូវម្ដាយជនបង្កប្ដឹងថែមទៀត។»
បន្ទាប់ពីបានបង្ហោះរួច ឃើញមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បញ្ចេញមតិរិះគន់ និងបានរំលឹកនូវពាក្យមួយឃ្លា ដែលគេអះអាងថា ជាការលើកឡើងដោយក្រុមគ្រួសាររបស់ជនបង្ក នៅពេលដែលជនបង្កកំពុងរត់គេចខ្លួនក្រោយបង្កហេតុ «បើប្ដឹងផ្ដល់នឹងខូចអនាគតទាំងអស់គ្នា»។ ពាក្យនេះត្រូវបានគេលឺនៅពេលដែលតំណាងភាគីជនបង្កយកលុយ១០០០ដុល្លារ ទៅចូលបុណ្យសពជនរងគ្រោះ ហើយបង្គាប់មិនឲ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងឡើយ។
សូមបញ្ជាក់ថា ជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep បុកបុរសម្នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ បានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់កំហុសរបស់ខ្លួនផងដែរ៕








ប្រភព៖ លោក ផែង វណ្ណៈ
- Share This Post:






