នាយករដ្ឋមន្ត្រីថៃប្រាប់ឲ្យកងទ័ពជើងអាកាសដាក់ចេញគ្រប់វិធានការដែលអាចធ្វើទៅរួចដើម្បីឆ្លើយតបនឹងបញ្ហាខ្យល់កខ្វក់លើសកម្រិត PM2.5
- BY
- Pheakdey
- January 17, 2024
ថៃ៖ លោកនាយករដ្ឋមន្ត្រី Srettha Thavisin បានប្រាប់ឲ្យកងទ័ពជើងអាកាសថៃត្រូវដាក់ចេញគ្រប់វិធានការដែលអាចធ្វើទៅរួចទាំងអស់ដើម្បីឆ្លើយតបទៅនឹងបញ្ហាខ្យល់កខ្វក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី១៧ ខែមករានេះ។ បញ្ហាខ្យល់កខ្វក់ដែលថៃកំពុងតែប្រឈមនៅពេលនេះគឺជាបញ្ហាដែលនៅក្នុងបរិយាកាសមានផ្ទុកនូវលម្អងធូលីច្រើនលើសពីកម្រិត PM2.5។
ប្រភពខាងលើបានបន្តថា ការណែនាំដោយផ្ទាល់ពីសំណាក់លោកនាយករដ្ឋមន្ត្រីថៃខាងលើនេះបានកើតឡើងក្រោយបញ្ហាខ្យល់កខ្វក់បន្តកើតឡើងកាន់ធ្ងន់ធ្ងរ និងបន្តកើតមាននៅតាមទីតាំងកាន់តែច្រើនជាងមុន ខណៈបញ្ហានេះបានផ្តើមកើតមានដំបូងនៅក្នុងទីក្រុងបាងកកតាំងតែពីសប្តាហ៍មុនម្លេះ។ គិតត្រឹមពេលនេះទីតាំងដែលកំពុងប្រឈមនឹងបញ្ហាបរិកាសកខ្វក់នេះគឺចំនួន ១៩កន្លែងដោយនៅក្នុងនោះរួមមានទីក្រុងបាងកក និងខេត្តចំនួន ១៨ផ្សេងទៀត។ នៅចំពោះមុខបញ្ហាបន្ទាន់នេះអាជ្ញាធរថៃបានណែនាំឲ្យពលរដ្ឋស្ថិតនៅក្នុងតាមទីតាំងមានហានិភ័យមួយចំនួនត្រូវធ្វើការងារពីផ្ទះ ខណៈក្រុមសិស្សានុសិស្សមួយចំនួនក៏ត្រូវបានណែនាំឲ្យរៀនតាមប្រព័ន្ធ Online ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






