ស្នងការខេត្តសៀមរាប បំភ្លឺករណីជម្លោះរវាងអ្នកលក់មីឆាទៅបំផ្លាញកន្លែងបុរសជនជាតិជប៉ុនលក់នំ គឺបានព្រមព្រៀងសងសំណងការខូចខាតរួចរាល់ហើយ
- January 19, 2024
ខេត្តសៀមរាប៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញសេចក្ដីបំភ្លឺ ពាក់ព័ន្ធព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook ដោយនាពេលថ្មីៗនេះ មានផេក Facebook ឈ្មោះ FANTOZ បានធ្វើការផ្សព្វផ្សាយមានខ្លឹមសារថា៖ ចិត្តអ្នកសាងពីអ្វី? បងប្រុសនៅជប៉ុនគាត់ខំលក់នំជួយសាលារៀន ក្មេងៗជាច្រើន ឥឡូវបែបជួបទង្វើបែបនឹង មានអារម្មណ៍ថាខ្មាស់គាត់ជាខ្លាំង។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជាក់ថា ចំពោះករណីនេះលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាទៅអធិការនគរបាលក្រុងសៀមរាបដាក់កម្លាំងចុះទៅអន្តរាគមន៍ទាន់ពេលវេលាកាលពីអំឡុងពេលដែលកំពុងកើតហេតុមកម្ល៉េះ។ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បាននាំគូភាគីទាំងសងខាងមកធ្វើការបំភ្លឺ និងដោះស្រាយតាមការស្ម័គ្រចិត្តព្រមព្រៀងបញ្ចប់ជម្លោះ ប្រកបដោយការយោគយល់អធ្យាស្រ័យសងសំណងការខូចខាតរួចរាល់ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។
សូមបញ្ជាក់ផងដែរថា ជម្លោះខាងលើ បានកើតឡើងរវាងអ្នកលក់មីឆា-បាយឆាតាមរទេះ ជាមួយបុរសជនជាតិជប៉ុនដែលលក់ជាប់គ្នា។ អាស្រ័យហេតុនេះ សូមអ្នកនិយមតាមដានតាមបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប Commissariat Of Siem Reap Province Police
- Share This Post:






