ស្នងការខេត្ដកំពង់ស្ពឺ បដិសេធព័ត៌មានបង្ហោះថា មានកងកម្លាំងអន្ដរាគមន៍ចុះព័ទ្ធសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធស្នងការរងខេត្តកំពង់ស្ពឺ ក្លែងឯកសាររៀបការប្រពន្ធថ្មី ក្រោយពេលប្រពន្ធដើមប្ដឹង ជារឿងមិនពិត
- January 19, 2024
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សូមបដិសេធនូវព័ត៌មានដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក គណនីហ្វេសប៊ុក មួយចំនួនដែលថា មានកងកម្លាំងអន្ដរាគមន៍ចុះព័ទ្ធសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធស្នងការរងខេត្តកំពង់ស្ពឺ ក្លែងឯកសាររៀបការប្រពន្ធថ្មី ក្រោយពេលប្រពន្ធដើមប្ដឹង គឺជាព័ត៌មានមិនពិត។

ម្ចាស់ករណីដែលបានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុករួមមាន៖
-ឈ្មោះ Reth Mony ដែលបានបង្ហោះខ្លឹមសារ៖ «លោកផ្កាយ១ ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ពេលនេះត្រូវបានកូនចៅរបស់លោកនៅកងអន្ដរាគមន៍ការពារយ៉ាងព្រោងព្រាតជាទីបំផុតគ្រាដែលលោកត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺនាព្រឹក១៩ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធការក្លែងឯកសាររៀបការប្រពន្ធថ្មី ក្រោយពេលប្រពន្ធដើមប្ដឹង»។
-ឈ្មោះ Phorn Sophal ដែលផ្សាយអំពីព័ត៌មាន៖ «ចប់ហើយលោកស្នងការរង ! ភរិយាឋានៈដល់អធិការរង នគរបាលខណ្ឌសែនសុខ ថ្លើមធំធ្វើលិខិតក្លែងក្លាយទៅការប្រពន្ធថ្មី ឥឡូវខ្នោះតាមបំណង បញ្ជូនខ្លួនលោកផ្កាយ១ ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ទៅកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺនាព្រឹកថៃ្ងទី១៩ ខែមករា កម្លាំងកងអន្ដរាគមន៍ការពារសន្ដិសុខម៉ត់ចត់បំផុត»។
ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សូមជម្រាបជូនសាធារណៈជន និងអ្នកនិយមលេងបណ្ដាញសង្គម ជ្រាបករណីលោកឧត្ដមសេនីយ៍ត្រី ង៉ាម រី ស្នងការរង នគរបាលខេត្តកំពង់ស្ពឺ លួចរៀបការប្រពន្ធថ្មី ករណីពាក់ព័ន្ធនិងផ្លូវច្បាប់បទល្មើសឯកពន្ធភាព និងករណីក្លែងឯកសារសាធារណៈ ករណីនេះដើមបណ្ដឹងជាប្រពន្ធបានប្ដឹងសុំអនុវត្ដនីតិវិធីផ្លូវច្បាប់។ រីឯព័ត៌មានថាមានកងកម្លាំងអន្ដរាគមន៍ចុះព័ទ្ធសាលាដំបូងខេត្តកំពង់ស្ពឺ ជារឿងមិនពិត។
លើសពីនោះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្នើសុំឲ្យម្ចាស់គណនីហ្វេសប៊ុក ទាំងពីរ កែសម្រួលខ្លឹមសារឡើងវិញ រយៈពេលឆាប់រហ័សបំផុត ក្នុងករណីមិនកែ ក្នុងនាមអង្គភាពស្នងការដ្ឋាននគរបាលខេត្ត សុំសិទ្ធិអនុវត្ដច្បាប់ ៕


- Share This Post:






