ខែឧសភា ខាងមុខនេះនឹងមាន ពិព័រណ៌ធុរកិច្ចអន្តរជាតិកម្ពុជា ដែលរៀបចំធ្វើឡើងនៅរាជធានីភ្នំពេញ
នាខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ Business Network International ឬហៅកាត់ថា BNI Cambodia ភ្នំពេញ តំបន់២ នឹងរៀបចំពិព័រណ៌ធុរកិច្ចអន្តរជាតិកម្ពុជាដ៏ធំមួយ នៅរាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៤។
យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៩ ខែមករា កន្លងទៅថ្មីៗនេះ បានឱ្យដឹងថា ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Jonathon Chua នាយកគ្រប់គ្រង Business Network International (BNI) Cambodia ភ្នំពេញ តំបន់២ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនោះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាអំពីគម្រោងស្នើសុំគាំទ្រក្នុងការរៀបចំពិព័រណ៌ធុរកិច្ចអន្តរជាតិកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដោយការមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំដែលជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងនាយកដ្ឋានកិច្ចការពិព័រណ៍ ព្រមទាំងមន្ត្រីជំនាញមកពីនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ។
ជាលទ្ធផល ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ និងលើកទឹកចិត្ត ព្រមទាំងជំរុញឱ្យ BNI Cambodia ភ្នំពេញ តំបន់២ សហការជាមួយនាយកដ្ឋានពាក់ព័ន្ធនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដើម្បីឱ្យគម្រោងរៀបចំពិព័រណ៍នេះ ទទួលបានជោគជ័យតាមការគ្រោងទុក។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនគណៈប្រតិភូ BNI Cambodia នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ សំដៅលើកស្ទួយការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕




