អន្តរជាតិ

ស្រ្តីម្នាក់ធ្វើឱ្យមិត្តប្រុសរងរបួសយ៉ាងធ្ងន់ធ្ងរ ព្រោះខឹងមិត្តប្រុសសម្លឹងមើលនារីផ្សេងក្នុងថ្ងៃខួបកំណើតរបស់គាត់

BY
Pheakdey
January 23, 2024

ថៃ៖ សេចក្តីប្រចណ្ឌនិងការហួងហែងនៅក្នុងទំនាក់ទំនងស្នេហា​​តែងកើតមានជាញឹកញាប់ចំពោះគូស្នេហ៍មួយចំនួន​​មិនថាពួកគេស្ថិតនៅក្នុងកាលៈទេសៈបែបណាឬនៅទីកន្លែងណានោះទេ។​ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានបុរសជនជាតិថៃម្នាក់ត្រូវមិត្តស្រីរបស់គាត់ចាក់ឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះតែគាត់បានសម្លឹងមើលនារីផ្សេងនៅក្នុងថ្ងៃខួបកំណើតរបស់មិត្តស្រីគាត់។

ហេតុការណ៍ហិង្សាខាងលើនេះបានកើតឡើងនៅក្នុងក្រុងប៉ាតាយ៉ា ប្រទេសថៃ ហើយបុរសជាជនរងគ្រោះត្រូវបានគេដឹងត្រឹមថា មានអាយុ ៣៤ឆ្នាំ ខណៈអត្តសញ្ញាណរបស់ស្រ្តីជាជនបង្កហេតុមិនត្រូវបានគេបង្ហាញនោះទេ។ ប្រភពខាងលើបានបន្តថា អំពើហិង្សាបានកើតឡើងនៅក្នុងអំឡុងពេលដែលពិធីខួបកំណើតកំពុងតែប្រព្រឹត្តឡើងយ៉ាងរីករាយ ដោយវាបានផ្តើមចេញពីសកម្មភាពដែលបុរសជាជនរងគ្រោះបានសម្លឹងមើលនារីស្អាតៗជាច្រើននាក់ដែលមកចូលរួមក្នុងកម្មពិធីជប់លៀងខួបកំណើតនោះ។ ការចាប់អារម្មណ៍ចំពោះនារីដទៃនេះបានធ្វើស្រ្តីជាជនបង្កហេតុខឹងយ៉ាងខ្លាំងរហូតកើតមានការឈ្លោះប្រកែកគ្នា ហើយចុងក្រោយគាត់ក៏បានទាញយកកាំបិតចាក់ទៅលើមិត្តប្រុសជាច្រើនកាំបិតតែម្តង។ ភា្លមៗក្រោយកើតមានបញ្ហា ស្ត្រីជាជនបង្កហេតុបានរត់គេចខ្លួនបាត់ ហើយពេលនេះប៉ូលិសកំពុងតាមចាប់ខ្លួនគាត់ឲ្យមកទទួលទោសតាមផ្លូវច្បាប់ ខណៈបុរសជាជនរងគ្រោះត្រូវបានគេបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

Share This Post: