អន្តរជាតិ

តម្លៃហ៊ុនរបស់ Alibaba បានកើនឡើង ក្រោយលោក Jack Ma និងលោក Joe Tsai នាំគ្នាទិញភាគហ៊ុនរបស់ក្រុមហ៊ុនដែលមានតម្លៃសរុបជាង ២០០លានដុល្លារ

BY
Pheakdey
January 24, 2024

អាមេរិក៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba នៅក្នុងទីផ្សារអាមេរិកបានកើនឡើងចំនួន ៨,៦% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៤ ខែមករានេះ។ ការកើននៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនខ្នាតយក្សមួយនេះគឺដោយសារតែលោក Jack Ma អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba និងលោក Joe Tsai ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Alibaba នាពេលបច្ចុប្បន្នបានរួមគ្នាទិញភាគហ៊ុនរបស់ក្រុមហ៊ុនដែលមានតម្លៃសរុបចំនួន ២០២លានដុល្លារ។

គួរបញ្ជាក់ជូនថា តម្លៃហ៊ុនរបស់ក្រុមហ៊ុន Alibaba បានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងរយៈពេល ១២ខែចុងក្រោយនេះ ពោលគឺធ្លាក់ចុះរហូតដល់ ៤៣% ខណៈក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនមួយនេះត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃរហូតដល់ ១៧៥ពាន់លានដុល្លារឯណោះ។ គួររម្លឹកជូនថា ភាពរង្គោះរង្គើរបស់ក្រុមហ៊ុនលក់ទំនិញ Online មួយនេះបានផ្តើមកើតមានតាំងតែពីឆ្នាំ២០២០ម្លេះ ហើយអ្វីដែលធ្វើឲ្យតម្លៃហ៊ុនរបស់ក្រុមហ៊ុនកាន់តែដាំក្បាលចុះយ៉ាងខ្លាំងនោះគឺក្រោយពេលដែលោក Jack Ma បានលក់ភាគហ៊ុនរបស់គាត់មួយចំនួននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយកាលពីខែវិច្ឆិកាកន្លងទៅនេះ លោក Jack Ma ក៏បានប្រកាសពីគម្រោងចង់លក់ភាគហ៊ុនរបស់គាត់ចំនួន ១០លានហ៊ុនបន្ថែមទៀតផងដែរ ដែលចំនួនហ៊ុនដ៏ច្រើននេះអាចមានតម្លៃខ្ទង់ ៨៧០លានដុល្លារ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: