ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមកាត់ទោសមនុស្ស ៩នាក់ឲ្យអស់ជីវិតជុំវិញករណីរត់ពន្ធសារធាតុខុសច្បាប់ ១០៥គីឡូក្រាម

    BY Pheakdey January 24, 2024
    វៀតណាមកាត់ទោសមនុស្ស ៩នាក់ឲ្យអស់ជីវិតជុំវិញករណីរត់ពន្ធសារធាតុខុសច្បាប់ ១០៥គីឡូក្រាម

    វៀតណាម​៖ តុលាការវៀតណាមនៅដើមសប្តាហ៍នេះបានសម្រេចកាត់ទោសប្រហារជីវិតមនុស្សចំនួន ៩នាក់ជុំវិញករណីរត់ពន្ធគ្រឿងញៀនចំនួន ១០៥គីឡូក្រាម នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ គ្រឿងញៀនដែលក្រុមជនល្មើសបានធ្វើការរត់ពន្ធនោះគឺមានចំនួន ២ប្រភេទ រួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន និងប្រភេទហេរ៉ូអ៊ីន។

    បើតាមតុលាការវៀតណាមបានរកឃើញថា ក្រុមជនល្មើសបានរត់ពន្ធគ្រឿងញៀនទាំងអស់នេះមកពីប្រទេសឡាវ ដើម្បីយកទៅចែកចាយបន្តឲ្យឈ្មួញនៅក្នុងប្រទេសវៀតណាម ខណៈសកម្មភាពបទល្មើសបានកើតឡើងនៅក្នុងអំឡុងឆ្នាំ២០២១ ដល់ឆ្នាំ២០២២ មុនពេលប៉ូលិសជំនាញវៀតណាមអាចបំបែកសំណុំរឿងមួយនេះបាន។ សូមបញ្ជាក់ជូនថា វៀតណាមគឺជាប្រទេសដែលបានអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនយ៉ាងតឹងរឹងបំផុតមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោក ហើយការរត់ពន្ធគ្រឿងដែលមានទម្ងន់លើស ១០០គីឡូក្រាមខាងលើនេះត្រូវបានអាជ្ញាធរវៀតណាមចាត់ទុកជាករណីរត់ពន្ធគ្រឿងញៀនក្នុងទ្រង់ទ្រាយដ៏ធំមួយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: