ក្រសួងវប្បធម៌ សម្រេចលទ្ធផលការងារជាង៩៦% តាមផែនការដែលបានកំណត់ ក្នុងឆ្នាំ២០២៣
- January 24, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្រេចលទ្ធផលការងារ ជាង៩៦% តាមផែនការដែលបានកំណត់ ក្នុងឆ្នាំ ២០២៣។ ការបង្ហាញអោយឃើញពីសម្មិទិផលការងារក្នុងឆ្នាំ២០២៣នេះ ត្រូវបាន ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងនៅក្នុង ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើក ទិស ដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមអធិបតីភាព លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នាសាលសន្និសិទចតុម្មុខ រាជធានីភ្នំពេញ។

មានប្រសាសន៍រាយការណ៍អំពីរបាយការណ៍ការងារឆ្នាំ២០២៣ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានអោយដឹងថា សកម្មភាពការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងឆ្នាំ២០២៣កន្លងទៅមានចំនួន សរុបប្រមាណ ៧,៩៤០ ដោយ ក្នុងនោះសកម្មភាពការងារក្នុងផែនការមានចំនួនប្រមាណ ១,៥១៥ និង សកម្មភាពការងារក្រៅ ផែនការមានចំនួនប្រមាណ៦,៤២៥។ បើធៀប នឹងឆ្នាំ ២០២២ សកម្មភាព ការងារជារួមក្នុងឆ្នាំ២០២៣ មានការកើនឡើងចំនួន ៤,២២៣ សកម្មភាព ស្មើនឹង ១១៣.៦១% រីឯ ចំនួន ឯកសារចេញ-ចូលក្រសួង មានចំនួន ៦,០២៩ មានការកើនឡើង ចំនួន ១៤០.៣% បើធៀបនឹងឆ្នាំ២០២២។
ក្នុងទិដ្ឋភាពរួម ក្រសួងសម្រេចបានលទ្ធផលការងារចំនួន ៩៦.៨២% ដោយក្នុងនោះ ការងារនៅក្នុងផែនការ សម្រេចបាន ៩៤.០៥% រីឯការងារនៅក្រៅផែនការសម្រេចបាន ៩៨.៨១%។ ទន្ទឹមនិងការសម្រេចបាននូវការអនុវត្តផែនការ ក៏មានបញ្ហាប្រឈមផងដែរ នៅក្នុងសេចក្តីព្រាងរបាយការណ៍សន្និបាត បានបង្ហាញនូវបញ្ហាប្រឈម និងសំណូមពរ សំខាន់ៗដូចជា៖ បញ្ហាធនធានមនុស្ស បទល្មើសក្នុងវិស័យវប្បធម៌ បញ្ហាប្រឈមផ្នែកវប្បធម៌អរូបីនៅថ្នាក់មន្ទីរផងដែរ។
លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានវាយតម្លៃខ្ពស់ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិត របស់ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ដែលអនុញ្ញាតឱ្យការងារក្នុងវិស័យ វប្បធម៌និងវិចិត្រសិល្បៈ នាឆ្នាំ២០២៣ កន្លងទៅ ទទួលបានលទ្ធផលល្អប្រសើររហូតដល់ជាង ៩០% នៃ ផែនការសកម្មភាពទូទៅរបស់ក្រសួង។ លទ្ធផលទទួលបាននេះ ក៏មាន ការចូលរួមចំណែកដ៏សំខាន់ផងដែរពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន ដែលសុទ្ធតែជាសមាសភាពដ៏ចាំបាច់ ក្នុងការជំរុញវិស័យវប្បធម៌និងវិចិត្រសិល្បៈ ឱ្យស្ថិតនៅលើវិថីមួយដ៏ត្រឹមត្រូវ ជោគជ័យ និងពង្រឹងបាននូវប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិខ្មែរ។
លោកជំទាវ បានបញ្ជាក់ថា តាមរយៈអង្គសន្និបាត ថ្ងៃនេះ ក៏ជាការជួបជុំ ដើម្បីពិនិត្យផងដែរ លើបញ្ហាប្រឈម និងសំណូមពរនានា របស់គ្រប់អង្គភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងជាឱកាសនៃការសម្រេចរួមគ្នា លើដំណោះស្រាយ និងការដាក់ចេញនូវទិសដៅការងារផែនការសកម្មភាព សម្រាប់ឆ្នាំ២០២៤ នេះ សំដៅចូលរួមអនុវត្តឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់ នូវភារកិច្ចនានា ដែលមានក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការអាទិភាពទាំង៦ចំនុច របស់រាជរដ្ឋាភិបាល អាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏សកម្ម និងប្រកបដោយបញ្ញាណខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ បានធ្វើការជំរុញលើកទឹកចិត្តដល់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដែលបាន ចូលរួមក្នុ ងអង្គ សន្និបាត សូមចូលរួមផ្តល់ជា យោបល់ ជាសំណួរ ជាការបកស្រាយ និងជាគំនិតយុទ្ធសាស្ត្រ លើគ្រប់ការងារពាក់ព័ន្ធទាំងអស់ ដើម្បីជាការកែលម្អ ជាការតម្រង់ទិស និងជាធាតុចូលសម្រាប់ពង្រឹងលទ្ធផលការងារ របស់យើងបន្តទៀត ៕



ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






