ព័ត៌មានជាតិ

ស្នងការរាជធានីភ្នំពេញ បញ្ជាឱ្យស្រាវជ្រាវជាបន្ទាន់រកមុខសញ្ញា អ្នកដែលចាប់ឃាត់ម៉ូតូ និងគាបយកលុយតាមដងផ្លូវពីយុវជន៥នាក់ នៅការាស់សាំងតេលា ផ្លូវវេងស្រេង

BY
Khmernote Media
January 25, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បំភ្លឺជូនសាធារណៈជន៖ ទាក់ទងការផ្សព្វផ្សាយតាមបណ្តាញសង្គម ករណីយុវជន០៥នាក់និយាយរៀបរាប់ ថាមានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ចាប់ឃាត់ម៉ូតូនិងគាបយកលុយតាមដងផ្លូវ កាលពីយប់អធ្រាត្រថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅគោលដៅខាងមុខការាស់សាំងតេលា ផ្លូវវេងស្រេង។

ពាក់ព័ន្ធនឹងករណីខាងលើ ក្រោយពីមានការផ្សាយព័ត៌មានតាមបណ្ដាញសង្គមបែបនោះ នៅយប់ថ្ងៃដដែលសមត្ថកិច្ចបានកោះហៅយុវជនទាំង០៥នាក់មកសួរនាំបំភ្លឺ។ ក្រោយពីបំភ្លឺរួចយុវជនទាំង០៥នាក់បានប្រាប់ថាមិនមែនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យនោះទេ ពួកគេមិនច្បាស់ថាសមត្ថកិច្ចខាងណានោះឡើយ។

ពាក់ព័ន្ធករណីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីស្រាវជ្រាវជាបន្ទាន់រកមុខសញ្ញា ដើម្បីអនុវត្តវិធានការណ៍ច្បាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: