ព័ត៌មានជាតិ

អភិបាលខេត្តកែប បញ្ជាឱ្យពិនិត្យឡើងវិញ រាល់ផ្ទាំងផ្សព្វផ្សាយទាំងអស់

BY
Khmernote Media
January 25, 2024

ខេត្តកែប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដាក់បញ្ជាឱ្យមន្ត្រីថ្នាក់ក្រោមត្រូវ ចុះត្រួតពិនិត្យរាល់សកម្មភាពស្លាកផ្សាយពាណិជ្ជកម្មទាំងអស់ឡើងវិញនៅក្នុងខេត្ត។ ការ បញ្ជានេះធ្វើឡើង ក្នុងឱកាសឯកឧត្តមអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំរបស់រដ្ឋបាលស្រុកដំណាក់ចង្អើរកាលពីពេលថ្មីៗកន្លងទៅនេះ។

ឯកឧត្តម សោម ពិសិដ្ឋ បានលើកឡើងថា រយៈពេលប៉ុន្មានថ្ងៃនេះខេត្តកែប មានផ្ទុះការរិះគន់រឿងការដាក់តាំងស្លាកប៉ាណូផ្សព្វផ្សាយស្រាបៀរតាមសួនច្បារ នៅ បណ្តោយផ្លូវជាតិលេខ ៣៣A និងឆ្នេរលេងទឹកខេត្តកែប តែយ៉ាងណា ស្លាកប៉ាណូទាំងនោះ ត្រូវបានអាជ្ញាធរឱ្យក្រុមហ៊ុនដកចេញវិញរួចរាល់អស់ហើយ។

បន្ថែមពីនោះ អភិបាលខេត្តកែប បានដាក់បញ្ជាឱ្យមន្រ្តីជំនាញ និងអាជ្ញាធរថ្នាក់ក្រោម ត្រូវចុះត្រួតពិនិត្យរាល់ផ្ទាំងប៉ាណូ ស្លាកផ្សាយពាណិជ្ជកម្មទាំងអស់ និងត្រូវអនុវត្តន៍ឱ្យមានប្រសិទ្ធភាព។

ឯកឧត្តម សោម ពិសិដ្ឋ បានណែនាំដោយសង្កត់ធ្ងន់ថា គណៈបញ្ជាការឯកភាពក្រុង ស្រុកទាំងអស់ត្រូវចុះត្រួតពិនិត្យ រាល់ពេលមានស្លាកពាណិជ្ជកម្មគ្រប់ប្រភេទ ពាក់ព័ន្ធគម្លាត ចូលចំណីផ្លូវ ប៉ះពាល់ដល់ទីតាំងសាធារណៈ ឬស្លាកពាណិជ្ជកម្មដែលធ្វើឱ្យប៉ះពាល់ដល់ សីលធម៌សង្គមជាដើម ហើយត្រូវកាត់ចោល ឬចុះរើចេញរាល់ស្លាកផ្សព្វផ្សាយណារក ឃើញថាមិនមានភាពត្រឹមត្រូវ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: