ព័ត៌មានជាតិ

រដ្ឋបាលជលផល ហាមឃាត់ការលែងប្រភេទត្រីមានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ ព្រោះអាចបង្កហានិភ័យដល់មច្ឆជាតិ

BY
Khmernote Media
January 25, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥​ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា រដ្ឋបាលជលផល ហាមឃាត់ការលែងប្រភេទត្រី និងវារីសត្វមានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ ព្រោះប្រភេទទាំងនោះមួយចំនួនជាប្រភេទកាច និងស៊ីសាច់ជាអាហារ ដែលនឹងបង្កហានិភ័យដល់ប្រភេទមច្ឆជាតិក្នុងប្រទេសនិងប្រព័ន្ធអេកូឡូស៊ី។

កន្លងទៅថ្មីៗនេះ មានបងប្អូនខ្លះបានលែងត្រីក្រៅប្រទេសចូលក្នុងដែនទឹកធម្មជាតិ សកម្មភាពនេះនឹងអាចបង្កហានិភ័យដល់មច្ឆជាតិក្នុងប្រទេស។

ប្រភេទត្រី ឬវារីសត្វដែលមានប្រភពពីក្រៅប្រទេសមួយចំនួនជាប្រភេទកាច ស៊ីសាច់ជាអាហារ ឬសាយកូនលឿន ដូចនេះវានឹងស៊ីត្រីក្នុងធម្មជាតិ ដណ្តើមទីជម្រក ចម្លងជំងឺ ឬបង្កឱ្យមានការប្រែប្រួលនូវប្រព័ន្ធអេកូឡូស៊ី នៅពេលដែល ប្រភេទត្រីឬវារីសត្វទាំងនោះមានវត្តមានកាន់តែច្រើននៅក្នុងដែនទឹកធម្មជាតិ។ បញ្ហានេះរដ្ឋបាលជលផលសូមអំពាវនាវ ដល់បងប្អូនដែលបាននិងកំពុងចិញ្ចឹមប្រភេទត្រីឬវារីសត្វដែលនាំចូលពីក្រៅប្រទេស មេត្តាថែរក្សាឱ្យបានខ្ជាប់ខ្ជួន និង ចៀសវាងលែងឬធ្វេសប្រហែសឱ្យរួចចូលក្នុងដែនទឹកធម្មជាតិ។

ទន្ទឹមនេះ រដ្ឋបាលជលផល បានលើកទឹកចិត្តឱ្យមានការលែងប្រភេទវារីសត្វ និងត្រីមេពូជដែលមានប្រភពនៅក្នុងស្រុក ដើម្បីបង្កើនវត្តមានឱ្យកាន់តែច្រើនក្នុងដែនទឹកធម្មជាតិ។ ជាក់ស្ដែងក្នុងឆ្នាំ២០២៣កន្លងមកនេះ បងប្អូនប្រជានេសាទបានស្ម័គ្រចិត្តយ៉ាងផុសផុលក្នុងការលែងប្រភេទវារីសត្វដែលកំពុងរងគ្រោះ ដូចជាត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ អណ្តើកហ្លួង អណ្តើកសមុទ្រ ផ្សោតសមុទ្រ និងប្រភេទដទៃទៀត ដែលជាសកម្មភាពទទួលបាននូវការគាំទ្រនិងសាទរយ៉ាងខ្លាំងពីមហាជន៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

Share This Post: