ស្នងការរាជធានីភ្នំពេញ កោះហៅប្រជាការពារ ៣នាក់ មកផាកពិន័យតាមច្បាប់ក្នុងម្នាក់ៗ ចំនួន៦០,០០០រៀល បន្ទាប់ពីឃើញជិះម៉ូតូឌុបគ្នាអត់ពាក់មួកសុវត្ថិភាព
- January 26, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា៖ ទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ករណីមន្ត្រីចំនួន០៣នាក់ ជិះម៉ូតូពាក់ឯកសណ្ឋាន និងមិនពាក់មួកសុវត្ថិភាព។

បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវករណីនេះ និងបានរកឃើញថាមន្ត្រី០៣នាក់នេះ ជាប្រជាការពារនៃសាលាខណ្ឌ៧មករា មិនមែនជាមន្ត្រីនគរបាលនោះទេ។
នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ មន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការកោះហៅប្រជាការពារ០៣នាក់ ដើម្បីធ្វើកិច្ចសន្យា និងធ្វើការផាកពិន័យតាមច្បាប់ អត់ពាក់មួកសុវត្ថិភាពក្នុងម្នាក់ៗចំនួន៦០,០០០រៀល៕

- Share This Post:






