សិង្ហបុរីត្រៀម Drone ១,៥០០គ្រឿងបង្ហាញជារូបស្តេចនាគដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន
- BY
- Pheakdey
- January 26, 2024
សិង្ហបុរី៖ ដើម្បីអបអរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដែលនឹងឈានចូលមកដល់នៅក្នុងថ្ងៃទី១០ ខែកុម្ភៈខាងមុខនេះ ប្រទេសដែលមានពលរដ្ឋកាត់ចិនមួយចំនួនបានត្រៀមរៀបចំកម្មវិធីអបអរផ្សេងៗគ្នាដើម្បីឲ្យពលរដ្ឋខ្លួនទទួលបានបរិយាកាសរីករាយផងនិងដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី២៦ ខែមករានេះបានឲ្យដឹង អាជ្ញាធរសិង្ហបុរីបានត្រៀមបង្ហាញរូបស្តេចនាគយ៉ាងស្រស់ស្អាតមិនធ្លាប់មាននៅពីមុខអគារ Marina Bay។

ប្រភពខាងលើបានបន្តថា ផ្ទាំងទស្សនីយភាពសេ្តចនាគដ៏កម្រនោះត្រូវបានរៀបចំឡើងដោយការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួន ១,៥០០គ្រឿង បង្ហោះឡើងទៅលើអាកាសក្នុងពេលដំណាលគ្នានិងតម្រៀបគ្នាឲ្យចេញជារូបស្តេចនាគដោយមានពណ៌ស្រស់ស្អាតជាច្រើនចម្រុះគ្នាទៀតផង។ បើតាមអាជ្ញាធរសិង្ហបុរីបានបញ្ជាក់ថា ផ្ទាំងទស្សនីយភាពសេ្តចនាគនេះនឹងត្រូវដាក់បង្ហាញក្នុងរយៈពេលចំនួន ៦ថ្ងៃ គឺនៅក្នុងថ្ងៃទី៦ ទី១០ ទី១១ ទី១៦ ទី១៧ និងថ្ងៃទី១៨ នៃខែកុម្ភៈ ខណៈពេលវេលាដែលស្តេចនាគបង្ហាញខ្លួននោះគឺនៅម៉ោង ៨យប់ ហើយការបង្ហាញខ្លួនម្តងគឺមានរយៈពេល ១០នាទី៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






