ស្ពានអាកាសមរតកតេជោ បានឈានដល់តភ្ជាប់តំណស្ពាន ដំណាក់កាលទី១ ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការរយៈពេល ៧៤ថ្ងៃខាងមុខ
- January 29, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ស្ពានអាកាសមរតកតេជោ ដែលមានទីតាំងនៅចំណុចច្រមុះជ្រូកក្បាលថ្នល់ បានឈានដល់តភ្ជាប់តំណស្ពាន ដំណាក់កាលទី១ ដែលគ្រោងនឹងដាក់អោយប្រើប្រាស់ ជាផ្លូវការរយៈពេល ៧៤ថ្ងៃខាងមុខ។

ការអញ្ជើញតភ្ជាប់តំណស្ពាននេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស , មហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ ២៧១) ។
ឯកឧត្តម ឃួ ង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាស ឲព្រះមុនីវង្សថ្មី ត្រូវបានប្តូរឈ្មោះ មកជាស្ពានអាកាសមរតកតេជោវិញ។ ស្ពាននេះ ក្នុងដំណាក់កាលទី១ ការសាងសង់ស្ពាន អាកាសមរតកតេជោ ( ស្ពានអាកាសជាន់ទី២) បច្ចុប្បន្ន សាងសង់ បានសម្រេចប្រមាណ ៨០% ហើយ តាមផែនការ គ្រោងនឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។
គូសបញ្ជាក់ថា ក្រោយបញ្ជប់ និងដាក់អោយប្រើប្រាស់ដំណាក់កាលទី១រួចរាល់ ដំណាក់កាលទី២ គ្រោង នឹងបញ្ចប់មុន ចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ ។ ស្ពានអាកាសតេជោ ជាស្ពានអាកាសទី៨ នៅក្នុងរាជធានីភ្នំពេញ។ ស្ពានអាកាសនេះ សាងសង់ដោយ ក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា OCIC នៅ ចំណុចប្រសព្វ មហាវិថី សម្តេចតេជោ ហ៊ុន សែន ( ផ្លូវ ៦០ម៉ែត្រ បឹងទំពុន ) មហាវិថី ព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅ ផ្លូវលេខ ២៧១ ក្នុងទឹកដី ខណ្ឌចំការមន និង ខណ្ឌមានជ័យ។ ស្ពានអាកាសនេះ គ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ ៕





ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក
- Share This Post:






