អន្តរជាតិ

ការសិក្សាមួយបង្ហាញថា ពលរដ្ឋវ័យក្មេងសិង្ហបុរី ៧២%គិតថាការរៀបការមិនមែនជារឿងចាំបាច់ក្នុងជីវិតរបស់ពួកគេ

BY
Pheakdey
January 29, 2024

សិង្ហបុរី៖ ការរៀបការនិងបង្កើតគ្រួសារតូចមួយអាចជាក្តីបំណងរបស់ក្រុមយុវជនជាច្រើន តែក្តីស្រមៃមួយនេះមិនមែនជាបំណងប្រាថ្នាដ៏ចាំបាច់របស់យុវជនវ័យក្មេងនៅក្នុងប្រទេសសិង្ហបុរីនោះទេ។ ជាក់ស្តែងយោងតាមការសិក្សាមួយបានរកឃើញថា មានយុវជនសិង្ហបុរីជាង ៧០%បានគិតថា ការរៀបការមិនមែនជារឿងចាំបាច់ក្នុងជីវិតរបស់ពួកគេនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៩ ខែមករានេះ។

នៅក្នុងការសិក្សាខាងលើនេះគេបានធ្វើការស្ទង់មតិក្នុងចំណោមពលរដ្ឋសិង្ហបុរីចំនួន ២,៣៥៦នាក់ ដោយបែងចែកជា ៣ក្រុម​​ គឺក្រុមពលរដ្ឋដែលមានអាយុចន្លោះពី ២១ដល់៣៤ឆ្នាំ ក្រុមមនុស្សមានអាយុចន្លោះពី៣៥ដល់៤៩ឆ្នាំ និងក្រុមមនុស្សដែលមានអាយុចន្លោះពី៥០ទៅ៦៤ឆ្នាំ។ លទ្ធផលនៃការសិក្សា​បានបង្ហាញថា ក្រុមពលរដ្ឋវ័យក្មេងចំ​នួន ៧២% យល់ឃើញថាការរៀបការគឺមិនចាំបាច់ក្នុងជីវិតរបស់ពួកគេ ខណៈពលរដ្ឋវ័យកណ្តាលចំនួន ៦៣% និងពលរដ្ឋវ័យចំណាស់ចំនួន ៥០%ក៏បានយល់ស្របជាមួយនឹងគំនិតខាងលើនេះដែរ។ ក្នុងការសិក្សាក៏បានបង្ហាញផងដែរថា មូលហេតុដែលធ្វើឲ្យក្រុមពលរដ្ឋពលវ័យក្មេងសិង្ហបុរីគិតថាការរៀបការមិនសំខាន់នោះគឺដោយសារបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖

-ចង់ផ្តោតលើការអភិវឌ្ឍន៍ការងារឲ្យបានល្អប្រសើរ

-ចង់បង្កើតជីវិតឲ្យមានភាពឯករាជ្យមួយ

-ចង់គេចចេញពីបន្ទុកនិងសម្ពាធក្នុងការចិញ្ចឹមកូន៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: