អង់គ្លេសនឹងអនុវត្តច្បាប់រឹតបន្តឹងការលក់បារីអេឡិចត្រូនិចដើម្បីការពារសុខភាពពលរដ្ឋវ័យក្មេង
- BY
- Pheakdey
- January 29, 2024
អង់គ្លេស៖ រដ្ឋាភិបាលនៃប្រទេសអង់គ្លេសគ្រោងនឹងអនុវត្តច្បាប់រឹតបន្តឹងការលក់បារីអេឡិចត្រូនិចនៅតាមទីសាធារណៈដើម្បីការពារសុខភាពពលរដ្ឋវ័យក្មេង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៩ ខែមករានេះ។ តាមគម្រោងគឺច្បាប់ថ្មីនោះនឹងគ្រប់គ្រងលើការលក់បារីអេឡិចត្រូនិចក្នុងរូបភាពដូចជា រឹតបន្តឹងលើក្លិនរបស់បារីអេឡិចត្រូនិច ការវេចខ្ចប់ឬរូបរាងខាងក្រៅរបស់បារីអេឡិចត្រូនិចនិងរបៀបនៃការជក់ ពោលគឺធ្វើយ៉ាងណាឲ្យបារីអេឡិចត្រូនិចក្លាយជាផលិតផលដែលគ្មានភាពទាក់ទាញសម្រាប់យុវជនវ័យក្មេង។

ជាងនេះទៅទៀតសម្រាប់ការដាក់លក់បារីអេឡិចត្រូនិចនៅតាមហាងវិញក៏ត្រូវមានការរឹតបន្តឹងដូចគ្នាផងដែរ ដោយម្ចាស់ហាងត្រូវដាក់លក់ដាច់ដោយឡែកពីកន្លែងដាក់តាំងផលិតផលប្រើប្រាស់ទូទៅសម្រាប់យុវជនវ័យក្មេង ហើយបើហាងណាហ៊ានដាក់តាំងបារីអេឡិចត្រូនិចដោយបើកចំហឬដាក់លក់អមជាមួយសម្ភារៈប្រើប្រាស់ទូទៅនោះនឹងត្រូវរងនូវការពិន័យជាប្រាក់ចំនួន ២,៥០០ផោន (៣,១៧៨ដុល្លារ)។ គួរបញ្ជាក់ជូនថា នៅក្នុងការសិក្សាមួយបានបង្ហាញថា អ្នកស្លាប់ដោយជំងឺមហារីកនៅក្នុងប្រទេសអង់គ្លេសម្នាក់ក្នុងចំណោម៤នាក់គឺបានបង្កឡើងដោយសារការជក់បារី ខណៈបើគិតជាតួលេខជាក់ស្តែងគឺមានអ្នកស្លាប់ប្រមាណជា ៨០,០០០នាក់ក្នុងមួយឆ្នាំ៕


អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






