ស្នងការខេត្តព្រះវិហារ ឃាត់ខ្លួនជនជាតិចិនចំនួន ៨នាក់ បន្ទាប់ពីលួចឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់
- January 31, 2024
ខេត្តព្រះវិហារ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះវិហារ
បានឱ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពីសំណាក់របស់ឯកឧត្តមមគីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជការឯកភាពខេត្តព្រះវិហារ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ បានចុះស្រាវជ្រាវឈានទៅការឃាត់ខ្លួនជនជាតិចិន ចំនួន ០៨នាក់ ពីបទ”លួចឆ្លងដែនចូលដោយខុសច្បាប់” នៅត្រង់ចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

យោងតាមចម្លើយ ជនជាតិចិនខាងលើ បានលួចឆ្លងដែនចូលមកប្រទេសកម្ពុជា តាមព្រំដែនទឹកប្រទេសឡាវ-កម្ពុជា ដោយប្រើប្រាស់មធ្យោបាយទូក ដើម្បីស្វែងរកការងារធ្វើនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ មុនចូលមកប្រទេសកម្ពុជា ជនជាតិចិនខាងលើបានស្នាក់នៅនិងធ្វើការងារនៅប្រទេសឡាវ។ ក្នុងការទាក់ទងចូលមកប្រទេសកម្ពុជាតាមរយៈប្រព័ន្ធបណ្ដាញសង្គម និងតាមរយៈការណែនាំរបស់មិត្តភក្កិជាជនជាតិចិនដែលស្នាក់នៅប្រទេសឡាវជាមួយគ្នា ជាអ្នករៀបចំមធ្យោបាយធ្វើដំណើរពីព្រំដែនប្រទេសឡាវរហូតដល់គោលដៅដែលត្រូវធ្វើការនៅប្រទេសកម្ពុជា សម្រាប់ការចំណាយគឺដល់គោលដៅទើបទូទាត់ជាមួយអ្នកដែលរៀបចំឱ្យ។
បច្ចុប្បន្ន ជនជាតិចិនចំនួន០៨នាក់ខាងលើ បាននាំខ្លួនមកស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីសាកសួរនិងកសាងសំណុំរឿង ដើម្បីបន្តនីតិវិធីច្បាប់ ៕


ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ
- Share This Post:






