ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំរបស់អាមេរិក PayPal ប្រកាសកាត់បន្ថយការងារចំនួន ២,៥០០កន្លែង
- BY
- Pheakdey
- January 31, 2024
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំរបស់អាមេរិក PayPal បានប្រកាសកាត់បន្ថយការងារចំនួន ២,៥០០កន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃពុធ ទី៣១ ខែមករានេះ។ ការកាត់បន្ថយការងារចំនួន ២,៥០០កន្លែងនេះនឹងធ្វើឲ្យប៉ះពាល់ដល់កម្លាំងពលកម្មប្រមាណជា ៩%នៃកម្លាំងពលកម្មសរុបរបស់ក្រុមហ៊ុននៅជុំវិញពិភពលោក។

បើតាមលោក Alex Chriss នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PayPal បានបញ្ជាក់ថា ការសម្រេចកាត់បន្ថយបុគ្គលិកដ៏ច្រើននេះគឺត្រូវបានធ្វើឡើងដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុន ពោលគឺក្រុមហ៊ុនត្រូវការប្រើប្រាស់បុគ្គលិកតិចជាងមុន។ គួរបញ្ជាក់ជូនថា PayPal ជាក្រុមហ៊ុនពហុជាតិដ៏មានសក្តានុពលមួយមានមូលដ្ឋាននៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ខណៈនៅក្នុងរយៈពេល ១២ខែចុងក្រោយនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន PayPal បានធ្លាក់ចុះអស់ចំនួន ២០%។ សូមបញ្ជាក់ជូនថា គិតចាប់តាំងពីឆ្នាំមុនមកមានបុគ្គលិកនៅក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅអាមេរិកប្រមាណជា ២៦០,០០០នាក់ហើយដែលបានបាត់បង់ការងារ៕
អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:






