ព័ត៌មានជាតិ

បុរសជនជាតិចិនម្នាក់ បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យអ្នកដទៃរងរបួស ក្នុងខណ្ឌចំការមន និងបើកបរក្រោមឥទ្ធិពលសារធាតុខុសច្បាប់ ត្រៀមបណ្តេញចេញពីកម្ពុជា

BY
Khmernote Media
January 31, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសជនជាតិចិនឈ្មោះ Chen Zhenwei កាន់លិខិតឆ្លងដែន EH៧៧៨៧១៥៤ ត្រៀមបណ្តេញចេញពីកម្ពុជា បន្ទាប់ពីជនជាតិចិនរូបនេះ បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យអ្នកដទៃរងរបួស និងបើកបរក្រោមឥទ្ធិពលសារធាតុញៀននៅក្នុងខណ្ឌចំការមន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបជាព័ត៌មានថា ដោយបានអនុញ្ញាតពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានបំពេញឯកសារចំពោះជនជាតិចិនឈ្មោះ Chen Zhenwei ភេទប្រុស អាយុ៣៦ឆ្នាំ កាន់លិខិតឆ្លងដែន EH៧៧៨៧១៥៤ ដើម្បីសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេចបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីជនជាតិចិនរូបនេះ បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យអ្នកដទៃរងរបួស និងបើកបរក្រោមឥទ្ធិពលសារធាតុញៀននៅក្នុងខណ្ឌចំការមន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ ការសុំគោលការណ៍បណ្តេញចេញជនជាតិខាងលើ ក្រោយពីសមត្ថកិច្ចបានបញ្ជូនអនុវត្តតាមនីតិវិធីរបស់តុលាការ រួចហើយផងដែរ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: