កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឆ្លើយតប ៤ចំណុច ទៅលោកផែង វណ្ណៈ ពាក់ព័ន្ធនឹងការឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ ដែលបានបា-ញ់សត្វកុក
- February 1, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឆ្លើយតប ០៤ចំណុច ទៅលោកផែង វណ្ណៈ និងជម្រាបជូនសាធារណជន ពាក់ព័ន្ធនឹងការឃាត់ខ្លួនឈ្មោះ កង សុផាណារ័ត្ន មន្ត្រីកងរាជអាវុធហត្ថនៅខេត្តក្រចេះដែលបានបាញ់សត្វកុក។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនថា កាលពីថ្ងៃទី៣០ ខែមករា កងរាជអាវុធហត្ថ បានធ្វើការឆ្លើយតបផ្សព្វផ្សាយជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបអំពីឈ្មោះ កង សុផាណារ័ត្ន ឋានន្តរសក្តិអនុសេនីយ៍ត្រី មុខងារជំនួយការកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ។
ថ្ងៃនេះ កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយឃ្លីបវីដេអូមួយ ដែលលោក ផែង វណ្ណះ បកស្រាយអំពីមន្ដ្រីកងរាជអាវុធហត្ថខេត្តក្រចេះ ប្រើកាំភ្លើងខ្យល់បាញ់សត្វស្លាប។ កងរាជអាវុធហត្ថ បានស្តាប់ការបកស្រាយ ការបញ្ចេញមតិរបស់លោក ផែង វណ្ណះ គឺមិនខុសទេ ហើយយើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ផែង វណ្ណះ ដែលមានចិត្តឈឺ ឆ្អាល និងក្តីស្រលាញ់ដល់កម្លាំងកងរាជអាវុធហត្ថ រហូតដល់លោក ផែង វណ្ណះ សុំទៅមន្ត្រីរដ្ឋបាលព្រៃឈើ និងតំណាងអយ្យការឱ្យជួយទៀតផង។ ជាមួយគ្នានោះ លោក ផែង វណ្ណះ ក៏បានរំលឹកដល់ការទទួលខុសត្រូវរបស់លោកមេបញ្ជាការកងរាជអាវុធហត្ថ ឱ្យយកចិត្តទុកដាក់ ចំពោះយោធិននៃកងរាជអាវុធហត្ថក្រោមឱវាទ ឱ្យអាណិតកូនចៅ ដែលខំធ្វើការបម្រើជាតិបម្រើប្រជាជនអស់ច្រើនឆ្នាំមកហើយ។
ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខ្ញុំបាទ ឧត្តមសេនីយត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការឆ្លើយតបតាមទិដ្ឋភាពច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងក្រមសីលធម៌មន្ត្រីប្រតិបត្តិច្បាប់ ជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាបថា៖
១-រដ្ឋបាលព្រៃឈើមានសមត្ថកិច្ចជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតបទល្មើសព្រៃឈើនិងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដូចមានចែងក្នុងមាត្រា៧៦នៃច្បាប់ស្តីពីព្រៃឈើ។ ការឃាត់ខ្លួនឈ្មោះ កង សុផាណារ័ត្ន ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើ គឺកងរាជអាវុធហត្ថអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងច្បាប់និងក្រមនីតិវិធីព្រហ្មទណ្ឌ មិនមែន ធ្វើតាមអារម្មណ៍ ឬធ្វើតាមការបញ្ចេញមតិក្នុងប្រព័ន្ធព័ត៌មានសង្គម ឬខ្លាចដោយមិនមានការទទួលខុសត្រូវនោះទេ។
២-ក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ ត្រូវតែជាគំរូក្នុងការគោរពច្បាប់ បើប្រព្រឹត្តអំពើល្មើស ត្រូវតែអនុវត្តតាមច្បាប់។ ហើយអ្នកដែលមានសិទ្ធិអំណាចចោទប្រកាន់មានតែតំណាងអយ្យ ការ ប៉ុណ្ណោះ មន្ត្រីនគរបាលយុត្តិធម៌មិនអាចតម្កល់រឿងក្តីព្រហ្មទណ្ឌឥតចាត់ការបាន ឡើយ។
៣-លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវទិសស្លោកជាត្រីវិស័យក្នុងការអនុវត្តតួនាទី ភារកិច្ច នាពេលកន្លងមក គឺ “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប”។ យោធិននៃកងរាជអាវុធហត្ថគ្រប់រូប ត្រូវបានអប់រំបណ្ដុះបណ្តាល ហ្វឹកហ្វឺន ជាពិសេសការអប់រំចិត្តសាស្ត្រជាប្រចាំ ឱ្យគោរពច្បាប់ គោរពវិន័យកងទ័ព ប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ “កុំថាឡើយបាញ់សត្វកុក សូម្បីតែសត្វចាបក៏មិនត្រូវបាញ់ទេ ព្រោះយើងជាមន្ត្រីប្រតិបត្តិច្បាប់”។
៤-យោធិននៃកងរាជអាវុធហត្ថគ្រប់រូប ត្រូវបានយកចិត្តទុកដាក់ខ្ពស់ទាំងការហូប ការស្នាក់នៅ ការស្លៀកពាក់ពីក្បាលដល់ចុងជើង ការថែទាំ ព្យាបាលជំងឺ និងគោលនយោបាយដោះស្រាយទុក្ខលំបាក ដោយមានមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថដែលជាគំនិតផ្តួចផ្តើមរបស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាការចូលបុណ្យដោយស្ម័គ្រចិត្ត ទ្រទ្រង់ដល់គ្រួសាររបស់យោធិននៃកងរាជអាវុធហត្ថដែលពលី មរណៈ ក្នុងនោះថវិកាចូលបុណ្យរបស់លោកនាយឧត្តមសេនីយ៍ ក្នុងមួយសពចំនួន ៥.០០០.០០០រៀល ផងដែរ ៕



ប្រភព៖ GRK News
- Share This Post:






