ឈរជើងលើទីផ្សារជាង ១ទស្សវត្ស ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកផលិតផលខ្មែរចូលទីផ្សារក្រៅប្រទេស
- BY
- Naren
- February 1, 2024
(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បំបែកកំណត់ត្រានាំចេញថ្មី នាំផលិតផលស្រាបៀរកម្ពុជា និងភេសជ្ជៈ ចូលទីផ្សារប្រទេសសិង្ហបុរី។ កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ចាប់ផ្តើមភាពជាដៃគូពាណិជ្ជកម្មឆ្លងប្រទេស រវាងក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស និង ក្រុមហ៊ុន DC Logistics &Trading នៅស្នាក់ការកណ្ដាលក្រុមហ៊ុន ជីប ម៉ុង ។

កម្មវិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ នេះមានការចូលរួម ពីលោកស្រី Novene LI (ណូវីន លី) លេខាទី១ តំណាងឯកអគ្គរដ្ឋទូត នៃស្ថានទូតសិង្ហបុរីប្រចាំរាជធានីភ្នំពេញ និងលោក Ashok Chawdhary (អាសុក ឆាដារី) នាយកគ្រប់គ្រងនៃក្រុមហ៊ុន DC Logistics &Trading ។

ថ្លែងក្នុងកម្មវិធី អ្នកឧកញ៉ា លាង ម៉េង មានប្រសាសន៍ថា៖ «នេះជាការបើកទំព័រថ្មីមួយទៀត សម្រាប់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលវិនិយោគដោយសហក្រិនខ្មែរ តែមានសមត្ថភាព និងគុណភាពផលិតផលស្រាបៀរ និងភេសជ្ជៈរបស់ខ្មែរទៅកាន់ទីផ្សារអន្តរជាតិ បានកាន់តែទូលំទូលាយនៅក្នុងតំបន់ និងពិភពលោក។»

ក្រោយការចុះអនុស្សារណៈយោគយល់នេះ គ្រប់ផលិតផលស្រាបៀរ និងភេសជ្ជៈទាំងអស់ រោងចក្រ ខ្មែរ ប៊ែវើរីជីស នឹងត្រូវក្រុមហ៊ុន DC Logistics &Trading នាំចេញទៅដាក់លក់បន្ដនៅលើគេហទំព័រ Tipytopsy ដែលជាវេទិកា ទិញ-លក់ទំនិញភេសជ្ជៈ តាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) ដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសសិង្ហបុរី។

លោក អាសុក ឆាដារី (Ashok Chawdhary) នាយកគ្រប់គ្រងនៃក្រុមហ៊ុន DC Logistics &Trading បានបញ្ជាក់ថា៖ «ក្រុមហ៊ុនលោក ពិតជាមានទំនុកចិត្តខ្ពស់ និងជឿជាក់លើគុណភាពស្តង់ដាររបស់ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ១០០%។ ដោយសារតែមុននឹងឈានដល់ការចុះ MoU នេះ អ្នកជំនាញប្រចាំក្រុមហ៊ុន លោកក៏បានចុះផ្ទាល់សិក្សាពីច្រវាក់ផលិតកម្ម និងតាមដានយ៉ាងច្បាស់លាស់បំផុត ទើបសម្រេចចិត្តមិនរុញរា ក្នុងការនាំយកផលិតផលស្រាបៀរ និងភេសជ្ជៈរបស់ ខ្មែរ ប៊ែវើរីជីស ចូលទៅទីផ្សារប្រទេសសិង្ហបុរី។»
កិច្ចសហការនេះមិនត្រឹមតែបង្ហាញពីសក្តានុពលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប៉ុណ្ណោះទេ គេរំពឹងទុកថាក្រុមហ៊ុនទាំងពីរ នឹងក្លាយជាដៃគូយុទ្ធសាស្ត្រយូរអង្វែង និងមានសក្តានុពលបំផុតក្នុងការចែកចាយម៉ាកយីហោផលិតផលខ្មែរទៅកាន់ទីផ្សារពិភពលោក ៕


- Share This Post:






